អន្តរជាតិ៖ ក្នុងដំណើរទស្សនកិច្ច នៅឯសាកលវិទ្យាល័យយោធាផ្នែកអាកាសមួយ ស្ថិតនៅភាគឦសាននៃប្រទេស ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានអំពាវនាវឲ្យមានការបណ្តុះបណ្តាល អ្នកបើកបរយន្តហោះយោធាបន្ថែមទៀត ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដែលកំពុងបន្តធ្វើ ដើម្បីបង្កើនសមត្ថភាពកងទ័ពរំដោះប្រជាជនចិន (PLA)។ នាឱកាសនោះ លោក ស៊ី បានប្រាប់និស្សិតយោធាទាំងនោះយ៉ាងដូច្នេះថា «ឥឡូវនេះយើងមានយន្តហោះ និងសព្វាវុធការពារដែនអាកាសទំនើបៗ ដូច្នេះយើងត្រូវតែមានស្មារតីជ័យជម្នះ ដែលជាស្មារតីនៃកងទ័ពដ៏ខ្លាំងមួយ»។
បន្ថែមពីនេះទៅទៀតលោកប្រធានាធិបតីចិន ក៏បានជំរុញឲ្យកងទ័ពចិនពង្រឹងសម្ថភាព លើបច្ចេកវិទ្យាយន្តហោះដ្រូនគ្មានមនុស្សបើកបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ជាក់ស្តែង នៅលើសកលលោកនាពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានSputnik នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០។ មិនតែប៉ុណ្ណោះលោក ស៊ី បានសង្កត់ធ្ងន់ថា «យន្តហោះគ្មានមនុស្សបើក (ដ្រូន) កំពុងផ្លាស់ប្តូរសេណារីយ៉ូសង្គ្រាមយ៉ាងជ្រាលជ្រៅ។ ដូច្នេះវាជាការចាំបាច់បំផុត ក្នុងការពង្រឹងការស្រាវជ្រាវ និងបណ្តុះបណ្តាលឲ្យបានស៊ីជម្រៅនិងលឿនរហ័សលើវិស័យដ៏មានឥទ្ធិពលមួយនេះ»។
ដោយឡែកអ្នកវិភាគយុទ្ធសាស្ត្រយោធាមួយរូបលោក ចូវ ចិនមីង បានលើកឡើងដែរថា «ប្រទេសចិនត្រូវការអ្នកបើកយន្តហោះចម្បាំងជាច្រើននាក់បន្ថែមទៀត ដោយសារតែមានការជំរុញយ៉ាងឆាប់រហ័ស ចំពោះកងទ័ពអាកាសរបស់ខ្លួន នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»។
គួរបញ្ជាក់ថា ការកត់សម្គាល់ពីសំណាក់ប្រធានាធិបតីបែបនេះ ធ្វើឡើងចំពេលដែលស្ថានការណ៍ភូមិសាស្ត្រនយោបាយ នៅសមុទ្រចិនខាងត្បូង កាន់តែក្តៅគគុកឡើង ក្រោយពីសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធការពារដែនអាកាសមួយ នៅឯសមុទ្រចិនខាងត្បូង កាលពីដើមខែនេះ។
បើតាមប្រភពពីសារព័ត៌មាន អាក់ស៊ីយ៉ូស ( Axios) បានរាយការណ៍ថា រដ្ឋបាលលោក ត្រាំ និងក្រុមវិនិយោគិនអាមេរិក កំពុងនៅពីក្រោយការគាំទ្រក្រុមហ៊ុនក្នុងស្រុកមួយចំនួនធំ ដើម្បីអភិវឌ្ឈន៍យន្តហោះដ្រូនគ្មានមនុស្សបើកនេះ និងជម្រុញការលក់ កាន់តែទូលាយជាងមុនទៅកាន់ទីផ្សារបរទេស៕ដោយ៖ស តារា