តើលោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា អាចនឹងលាលែង​ពី​តំណែង តាមការប្រឆាំងតវ៉ាពីក្រុមសិស្ស និស្សិតឲ្យលោកលាលែង

ចែករំលែក៖

អន្តរជាតិ៖ ក្រុមអ្នកធ្វើបាតុកម្មទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា លាលែងពីតំណែង និងកែរដ្ឋធម្មនុញ្ញតាក់តែងដោយយោធារហូតមកដល់ពេលនេះ កាន់តែផ្ទុះឡើងខ្លាំង ខណៈដែលមានសិស្សថ្នាក់វិទ្យាល័យនៅថ្ងៃសុក្រទី២៤ ខែកក្កដាម្សិលមិញ បាននាំគ្នាតវ៉ាប្រឆាំងមេដឹកនាំបច្ចុប្បន្នរបស់ខ្លួនផងដែរ ប៉ុន្តែអ្វីគួរឲ្យកត់សម្គាល់នោះ មេបញ្ជាការកងទ័ពជើងគោកលោក Apirat Kongsompong បានដាស់តឿនបាតុករឲ្យប្រុងប្រយ័ត្នចំពោះការបញ្ចេញសាររបស់ពួកគេ ពិសេសកុំប៉ះពាល់ស្ថាប័នព្រះមហាក្សត្រឲ្យសោះ

បើតាមកាសែតបាងកកប៉ុស្តិ៍ បានចេញផ្សាយថា សិស្សថ្នាក់វិទ្យាល័យមួយក្រុមបានជួបជុំគ្នានៅក្រោមតំណក់ទឹកភ្លៀងវិទ្យាល័យ Triam Udom Suksa នៅថ្ងៃទី២៤ ខែកក្កដា ដើម្បីគាំទ្រការតវ៉ាប្រឆាំងរដ្ឋាភិបាលលោក ប្រាយុទ្ធ ខណៈការតវ៉ាក៏ត្រូវបានរៀបចំនៅសាកលវិទ្យាល័យ Kasetsart ផងដែរ ពួកគេគ្នាលើកក្រដាសបង្ហាញពីការមិនពេញចិត្តរបស់ខ្លួន និងបើកពិលនៅលើទូរសព្ទដៃរបស់ពួកគេ ពន្លឺពិលនេះ ក្លាយជាសញ្ញាសម្គាល់ក្នុងការតវ៉ារបស់បាតុករដែលទាមទារឲ្យលោក ប្រាយុទ្ធ រំលាយសភា លុបបំបាត់ការបង្ក្រាបអ្នករិះគន់ និងចាប់ផ្ដើមសរសេររដ្ឋធម្មនុញ្ញឡើងវិញ

គួរបញ្ជាក់ថា ការតវ៉ាប្រឆាំងរដ្ឋាភិបាលនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា បានកម្រើកឡើងវិញជាបន្តបន្ទាប់ ក្រោយការប្រមូលផ្តុំទ្រង់ទ្រាយធំកាលពីសប្ដាហ៍មុន ក្រុមបាតុករ បានប្រមូលផ្ដុំនៅកន្លែងផ្សេងគ្នានៅរាជធានីបាងកក និងតាមខេត្តខ្លះទៀត

ជាក់ស្តែងនៅខេត្ត Udon Thani ឯណោះវិញ ប៉ូលីសបានរាយការណ៍ពីចំនួនបាតុករមានប្រមាណ៥០០នាក់ដែលជួបជុំគ្នាតវ៉ាផងដែរ ដែលភាគច្រើនជានិស្សិតសាកលវិទ្យាល័យ និងសិស្សវិទ្យាល័យ បាតុកម្មដូចគ្នានេះ ក៏មាននៅខេត្ត Nakhon Ratchasima តែចំនួនអ្នកចូលរួមមានច្រើនជាងគេ កម្មវត្ថុក៏មិនខុសគ្នាពីការតវ៉ានៅទីតាំងផ្សេងដែរ គឺទាមទារឲ្យលោក ប្រាយុទ្ធ លាលែងពីតំណែងដែលបានមកពីរដ្ឋធម្មនុញ្ញក្រុមរបស់លោកសរសេរដែធ្វើឲ្យលោកបន្តកាន់អំណាចដល់សព្វថ្ងៃ

សូមជម្រាបថា ជាក់ស្តែងគេសង្កេតឃើញមានបាតុករមួយក្រុមទៀតពាក់អាវលឿង ប្រមូលផ្ដុំខាងមុខទីបញ្ជាការកងទ័ពជើងគោកថៃ ទីដែលក្រុមបាតុកម្មប្រឆាំងរដ្ឋាភិបាលជួបជុំនៅដើមសប្ដាហ៍នេះ ពួកគេបានដាក់ញ្ញត្តិមួយច្បាប់ឲ្យមេបញ្ជាការកងទ័ពជើងគោកលោក Apirat Kongsompong តាមដានសាររបស់បាតុករម្ខាងទៀតដែលពាក់ព័ន្ធស្ថាប័នកំពូលរបស់ថៃ ដោយលោក Apirat បានបញ្ជាក់ប្រាក់កាសែតបាងកកប៉ុស្តិ៍ថា៖ បាតុករកុំធ្វើអ្វីហួសពីសិទ្ធិបញ្ចេញមតិរបស់ពួកគេ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print