អន្តរជាតិ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian និយាយថា ខណៈដែលអាត្រាកើនឡើងនៃការឆ្លងជំងឺ COVID-19 នៅតំបន់ជនបទដាច់ស្រយាលនៃរដ្ឋតិចសាស់ បានបង្ខំចិត្តឲ្យមន្ទីរពេទ្យមួយ ត្រូវសម្រេចចិត្តថា៖ តើអ្នកជំងឺណាអាចជួយសង្គ្រោះបានហើយអ្នកណាដែលត្រូវបញ្ជូនទៅផ្ទះវិញឲ្យស្លាប់តាមដំណើរ ដែលនៅអាមេរិកគេហៅថា «Death panels» ។
ជាង់ស្តែងបើតាមសម្ដីរបស់វេជ្ជបណ្ឌិតនៅឯមន្ទីរពេទ្យ Starr County Memorial ដែលជាមន្ទីរពេទ្យតែមួយគត់នៅ Starr County បាននិយាយថា មន្ទីរពេទ្យរបស់គាត់បានចេញនូវគោលការណ៍ថ្មីមួយ ដោយពួកគេមិនអាចទទួលយកអ្នកជំងឺ COVID-19 ទាំងអស់មកព្យាបាលនោះទេ គឺត្រូវមើលថាអ្នកណាអាចឬមិនអាចព្យាបាល ដោយផ្ដោតសំខានតែអ្នកមានសង្ឈឹមប៉ុណ្ណោះ។
សូមជម្រាបថា មន្ទីរពេទ្យ Starr County Memorial គឺជាកន្លែងទី២ ដែលនឹងប្រើគោលគារណ៍ព្យាបាលតែអ្នកមានសង្ឃឹម ដោយកន្លែងទី១គឺនៅរដ្ឋ Arizona កាលពីថ្ងៃទី០៣ ខែកក្កដា។ ប៉ុន្តែយ៉ាងណាពួកគេទំនងមិនទាន់អនុវត្តវាភ្លាមៗនោះទេ លុះត្រាតែស្ថានភាពកាន់តែពិបាកខ្លាំង។ បើតាមសម្ដីរបស់ពេទ្យនៅទីនោះក៏បាននិយាយដែរថា មន្ទីរពេទ្យរបស់ពួកគាត់មិនមាន ICU គ្រប់គ្រាន់ទេ ប៉ុន្តែឥឡូវពួកគាត់កំពុងព្យាយាមធ្វើកិច្ចការទាំងនេះ ហើយខ្លះបាននិយាយថា ពួកគាត់រស់នៅទីនេះជាយូរមកហើយ ប៉ុន្តែមិនដែលឃើញស្ថានភាពយ៉ាប់យ៉ឺនបែបនេះទេ ។
គួរបញ្ជាក់ថានៅសហរដ្ឋអាមេរិកទាំងមូល មានការកើនឡើងវិញនូវករណីជំងឺ COVID-19 ជាបន្ដបន្ទាប់ចាប់តាំងពីបើកទ្វារសេដ្ឋកិច្ចវិញហើយនៅ Starr County បានចាប់ផ្តើមជួបប្រទះនូវការកើនឡើងតាំងពីដើមខែកក្កដា ដោយមានករណីចំនួន ១,៧៦៩ ត្រូវបានគេរាយការណ៍ត្រឹមថ្ងៃទី២៤ ខែកក្កដា ហើយមានមនុស្ស ១៧ នាក់បានស្លាប់ និង ៣៣នាក់ កំពុងរង់ចាំការបញ្ជាក់ការស្លាប់ពីរដ្ឋ។
បច្ចុប្បន្ន Starr County មានមនុស្សសរុបប្រហែល ៦៤,០០០នាក់ប៉ុណ្ណោះ ហើយប៉ុន្មានសប្ដាហ៍ដំបូងដែលមានការផ្ទុះឡើងនៃករណីCOVID-19 តំបន់នេះក៏មិនមានការរាយការណ៍ពីករណីនោះដែរ។ ឥឡូវនេះអាជ្ញាធរពាក់ព័ន្ធ កំពុងបន្ទោសការឆ្លងថ្មីៗនេះទៅលើការជួបជុំមានគ្នាច្រើន ៕ដោយ៖ស តារា