ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ជំរុញឱ្យមន្ត្រីនគរបាលទាំងអស់ បំពេញការងារឱ្យបានល្អ ស្របតាម ចំណេះដឹងនិងបទពិសោធន៍ ប៉ុន្តែមិនត្រូវ មានអំនួត និងធ្វើ អ្វីដែលហួសពីសមត្ថភាព ខ្លួននោះទេ ។ សម្តេចបានថ្លែងបែបនេះ នៅក្នុងពិធីបិទ សន្និបាតបូកសរុបលទ្ធផល នៃ ការអនុវត្តផែនការយុទ្ធសាស្ត្រ រយៈពេល៥ ឆ្នាំ (២០១៥-២០១៩) និងលើក ទិសដៅ ការងារសម្រាប់រយៈពេល ៥ឆ្នាំ បន្ត របស់បណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២០ កាលពីម្សិលមុិញ។
ថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំនិងមន្ត្រីនគរបាល គ្រប់រូបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថបលែងដូច្នេះថា ៖« អ្នកខ្លះរៀន ( ជំនាញ ) ចប់ហើយ មកសុំស័ក្កិ ហើយសុំ ល្មមៗមិនអីទេ អ្នកខ្លះសុំហួសពេក មួយឆ្នាំ ឡើងពីរដង ក៏មានតែឱ្យទៅធ្វើការ ធ្វើអត់ កើត» ។
សម្ដេចក្រឡាហោម ស ខេង បាន ផ្ដាំឱ្យ មន្ត្រីនគរបាលទាំងអស់ថា បំពេញការងារ ឱ្យមានប្រសិទ្ធភាពជាមុនសិន សឹមសម្លឹងមើលមុខតំណែងតាម ក្រោយពោលគឺ មិន ត្រូវមានអំនួត ឬចង់បានឋានៈ អ្វីមួយទាំង ខ្លួន គ្មានសមត្ថភាពបំពេញការងារនោះឡើយ ។ បើតាម សម្ដេច ស ខេង ដើម្បី បំពេញការងារឱ្យមានប្រសិទ្ធភាព លុះត្រាតែបុគ្គលនោះមានទាំង បទពិសោធន៍ និងចំណេះដឹង ។
មិនតែប៉ុណ្ណោះសម្ដេច ស ខេង ក៏ផ្ដាំឱ្យ នាយកដ្ឋានជ្រើសរើស ក្របខ័ណ្ឌមន្ត្រីនគរបាលប៉ុសិ្តរដ្ឋបាលទាំងអស់ ត្រូវជ្រើសរើស បេក្ខជនដែលមានសមត្ថភាព ហើយរស់នៅក្នុងមូលដ្ឋាននោះផ្ទាល់ ពីព្រោះពួកគេ ទាំងនោះស្គាល់មូលដ្ឋានខ្លួនឯងច្បាស់ និង ងាយស្រួលធ្វើការងារជូនប្រជាពលរដ្ឋ និង គ្រប់គ្រងមូលដ្ឋានមានប្រសិទ្ធភាពផងដែរ៕
ដោយ៖ សហការី