អន្តរជាតិ៖ ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ត្រូវបានអ្នកនយោបាយក្នុងស្រុករិះគន់យ៉ាងខ្លាំង ខណៈដែលលោក បានបញ្ជាក់ជំហររបស់រដ្ឋាភិបាលលោកក្នុងការថ្នាក់ថ្នមស្ថានការណ៍នៅសមុទ្រចិនខាងត្បូង ទីដែលប្រទេសហ្វីលីពីន និងប្រទេសមួយចំនួនទៀតទាមទារដែនអធិបតេយ្យជាមួយមហាអំណាចចិននោះ ។ ជាក់ស្តែងនៅថ្ងៃទី២៧ ខែកក្កដាម្សិលមិញនេះ លោក ឌូទើតេ និយាយថា “យើងមិនអាចប្រើកម្លាំងទៅដណ្ដើមដែនកោះរបស់ខ្លួនដែលចិនកំពុងគ្រប់គ្រងបានឡើយ ព្រោះនឹងនាំឲ្យមានសង្គ្រាម” ។
លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានប្រើប្រាស់សុន្ទរកថាប្រចាំឆ្នាំទៅកាន់ប្រជាជាតិដែលធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ដើម្បីប្រកាសជាថ្មីជំហររបស់ប្រទេសហ្វីលីពីនពាក់ព័ន្ធបញ្ហាសមុទ្រចិនខាងត្បូង។ តាំងពីឡើងកាន់តំណែងនៅឆ្នាំ២០១៦ មក លោក ឌូទើតេ មានជំហរទន់ភ្លន់ខ្លាំងលើបញ្ហាមួយនេះ ដោយលោកនិយាយម្ដងហើយម្ដងទៀតថា ហ្វីលីពីន គ្មានសមត្ថភាពអ្វីទាំងអស់ដើម្បីទៅតទល់នឹងចិនដែលជាមហាអំណាចពិភពលោកនោះឡើយ។ ខណៈហ្វីលីពីនមានសាលក្រមតុលាការមជ្ឈត្តកម្មអន្តរជាតិឆ្នាំ២០១៦ ដើម្បីទាមទារកម្មសិទ្ធិដែនទឹកនៅសមុទ្រចិនខាងត្បូង ដែលហ្វីលីពីនហៅថា សមុទ្រខាងលិចក្ដី លោក ឌូទើតេ នៅតែគ្មានផែនការដើម្បីទាមទារសិទ្ធិគ្រប់គ្រងប្រជុំកោះដែលចិនកំពុងត្រួតត្រាដែរ។
បើតាមលោក ឌូទើតេ បញ្ជាក់ថាមិនថាប្រើកម្លាំងបាយ ឬកម្លាំងអ្វីផ្សេងឡើយ ហ្វីលីពីន មិនអាចចូលគ្រប់គ្រងទឹកដីទាំងនោះបានឡើយ ដ្បិតវាអាចនាំឲ្យមានសង្គ្រាមរវាងហ្វីលីពីន និងចិន ហើយហ្វីលីពីននឹងត្រូវចិនបំបាក់មិនខាន។
លោក ឌូទើតេ បន្តថា លោកមិនអាចអូសហ្វីលីពីនទៅធ្វើសង្គ្រាមជាមួយចិនបានឡើយ ហើយទុកឲ្យប្រធានាធិបតីផ្សេងធ្វើចុះ។ «ឥឡូវមានអ្នករិះគន់ជាច្រើនអះអាងថា រដ្ឋាភិបាលមិនបានធ្វើដើម្បីយកសមុទ្រចិនខាងត្បូងមកវិញឡើយ។ អ្នកដឹងទេ ប្រសិនយើងមិនទាន់ត្រៀមខ្លួនធ្វើសង្គ្រាមទេ យើងគួរផ្អាកសិនទៅ។ ចិនក៏ទាមទារ។ យើងក៏ទាមទារ។ ចិនមានអាវុធ។ យើងអត់មានផង»។
បើតាមសារព័ត៌មាន Rappler ប្រធានាធិបតីហ្វីលីពីនរូបនេះនិយាយត្រង់ៗទៀតថា និយាយដល់រឿងសមុទ្រចិនខាងត្បូងនេះ លោកសារភាពថា លោកមិនបានការឡើយ។
គួរបញ្ជាក់ថា លោក ឌូទើតេ បានរងការរិះគន់ខ្លាំងរឿងជំហរមិនទាមទារទឹកដីព្រោះខ្លាចសង្គ្រាមនេះ។ មន្ត្រី និងអតីតមន្ត្រីហ្វីលីពីនជាច្រើនមិនពេញចិត្តនឹងហេតុផលបែបនេះឡើយ ព្រោះហ្វីលីពីនមានសិទ្ធិដើម្បីទាមទារអ្វីដែលជារបស់ខ្លួន។ ដោយលោក Antonio Carpio អតីតចៅក្រមតុលាការកំពូលហ្វីលីពីន ជាអ្នកចេញមុខរិះគន់លោក ឌូទើតេ ខ្លាំងជាងគេ។ លោកចាត់ទុកមូលហេតុខាងលើ ជាការបន្លាចប្រជាជនហ្វីលីពីនតែប៉ុណ្ណោះ។
សូមជម្រាបថា រយៈពេលប្រាំឆ្នាំមកនេះ ប្រទេសហ្វីលីពីនក្រោមការដឹកនាំរបស់លោក ឌូទើតេ ងាកទៅរកចិនខ្លាំង ហើយបែរខ្នងដាក់អាមេរិកដែលជាសម្ព័ន្ធមិត្តចាស់ឆ្នាំ។ ដោយសារចង់បានទំនាក់ទំនងជិតស្និទ្ធនេះ រដ្ឋាភិបាលលោក ឌូទើតេ ក៏មិនសូវធ្វើសកម្មភាពខ្លាំងនៅសមុទ្រចិនខាងត្បូងដែរ ដោយបានត្រឹមចេញសេចក្ដីថ្លែងការណ៍ម្ដងម្កាលប៉ុណ្ណោះ៕ដោយ៖ស តារា