ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង អំពាវនាវឲ្យរដ្ឋាភិបាល​មូលដ្ឋាន និង​សហគ្រាស​រដ្ឋ​ចិន ​បន្ថែម​កន្លែង​ការងារ​សម្រាប់​និស្សិត​បញ្ចប់​ការសិក្សា​ថ្មីថ្មោង អំឡុង​វិបត្តិ COVID-19

ចែករំលែក៖

អន្តរជាតិ៖ លោកប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បានអំពាវនាវដល់ស្ថាប័ន​សាធារណៈ រដ្ឋាភិបាល​មូលដ្ឋាន និង​សហគ្រាស​រដ្ឋ​របស់​ចិន​រាប់ពាន់​កន្លែង កំពុង​ពង្រីក​ការជ្រើសរើស​មន្ត្រី​វ័យក្មេង​ចូល​បម្រើ​ការងារខណៈ​វិស័យ​ឯកជន​ដែលជា​ទីផ្សារការងារ​ដ៏​ធំ​សម្រាប់​និស្សិត​បញ្ចប់​ការងារ​ថ្មីថ្មោង រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ COVID-19 ។

ថ្មីៗនេះតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែលដកស្រង់ចេញពីប្រភពមន្ត្រី​ចិន បានអះអាងថា និស្សិត​ទើប​រៀន​ចប់ ដែលជា​ទូទៅ​ចូល​បម្រើ​ការងារ​ក្នុង​ខែមិថុនា ឬ​ខែកក្កដា ប្រឈម​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​។ បើយោងតាម​របាយការណ៍​របស់​ស្ថាប័ន​ស្រាវជ្រាវ BOSS Zhipin កៅអី​ការងារ​ទំនេរ​សម្រាប់​និស្សិត​ទាំងនោះ អំឡុង​រដូវ​កាល​ជ្រើសរើស​មុនពេល​រៀន​ចប់ ធ្លាក់ចុះ​២២​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន​។

​សូមជម្រាបថា បើទោះបីជា​កំណើនសេដ្ឋកិច្ច​ចិន ស្ទុះ​ឡើងវិញ​ក្នុង​ត្រីមាស​ទី​២ ភាព​អត់​ការងារ​ក្នុងចំណោម​និស្សិត​រៀន​ចប់​អាយុ​ចន្លោះ ២០ទៅ ២៤ ឆ្នាំ គឺមាន​ជាង​៣​ដង បើ​ធៀប​នឹង​អត្រា​ប្រជាជន​អត់​ការងារ​ទាំងមូល ដែល​ស្មើនឹង ១៩,៣ ភាគរយ​ក្នុង​ខែមិថុនា ។

​ដោយឡែកស្ថិរភាព​ទីផ្សារការងារ​សម្រាប់​យុវជន គឺជា​កង្វល់​នយោបាយ​ដែល​កើតឡើង​យូរ​មកហើយ​ក្នុងប្រទេស​ចិន​។ ខណៈ​ជំងឺ​រាតត្បាតCOVID-19 ធ្វើ​ឲ្យ​ទីផ្សារការងារ​ឯកជន​កាន់តែ​ចង្អៀត ប្រធានាធិបតី​ចិន ទទូច​ឲ្យ​មានការ​ជ្រើសរើស​បន្ថែម​។ យ៉ាងណាមិញ កន្លងទៅលោក ស៊ី ជិន​ភីង ធ្លាប់​ព្រមាន​ថា និស្សិត​អត់​ការងារ អាចធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ប្រទេសជាតិ​។

​គួរបញ្ជាក់ថា និស្សិត​ចិន​ប្រមាណ ៨,៧​លាន​នាក់ នឹង​បញ្ចប់​ការសិក្សា​ក្នុង​ឆ្នាំ​២០២០​នេះ ហើយ​តួលេខ​នេះ​គឺ​លើស​ឆ្នាំមុន ប្រមាណ​ជិត​៥០​ម៉ឺន​នាក់​។ អនាគត​របស់​និស្សិត​ទាំងនេះ ស្ថិតក្នុង​ភាពមិនច្បាស់លាស់ ខណៈ​ក្រុមហ៊ុន​ឯកជន ដែល​រងគ្រោះ​ដោយសារ COVID-19 កាត់បន្ថយ​ការជ្រើសរើស​បុគ្គលិក​ចូលធ្វើការ​ថ្មី​។

ទាក់ទិន​បញ្ហា​នេះ សហគ្រាស​រដ្ឋ (SOEs) រដ្ឋាភិបាល​មូលដ្ឋាន និង​ស្ថាប័ន​សាធារណៈ កំពុង​ឆ្លើយតប​នឹង​ការអំពាវនាវ​របស់លោក​ប្រធានាធិបតី ស៊ី ។ ក្រុមហ៊ុន​ប្រេង​រដ្ឋ​ដ៏​ធំ Sinopec បង្កើន​ការជ្រើសរើស​បុគ្គលិក​ជាង​២​ដង​ក្នុង​ឆ្នាំ​២០២០ ជាមួយ​ការងារ​៣៥០០​កន្លែង​បន្ថែម​សម្រាប់​និស្សិត​ទើប​រៀប​ចប់​ថ្មីថ្មោង​។ ដូចគ្នានេះដែរ សហគ្រាស​រដ្ឋ​ក្នុង​ខេត្ត​ចិន​ដទៃទៀត ក៏ត្រូវ​បាន​ណែនាំ​ឲ្យ​ពង្រីក​ការជ្រើសរើស​បុគ្គលិក​ថ្មី ហើយ​ទុក​កន្លែង​ខ្លះ​សម្រាប់​ក្រុមនិស្សិត​ទើប​រៀន​ចប់​ផងដែរ​។

ចំពោះផែនការ​រដ្ឋាភិបាល​ប​ញ្ជូ​ន​យុវជន​ទៅធ្វើ​ការ​នៅ​តំបន់​មិនសូវ​អភិវឌ្ឍ​ក្នុងប្រទេស​ចិននោះ ក៏ត្រូវ​បាន​បង្កើន​ចំនួន​ផងដែរ ពោលគឺ​បន្ថែម​ជាង​៥០០០​កន្លែង បើ​ធៀប​នឹង​ឆ្នាំមុន​។ ទន្ទឹមនេះ ខេត្ដ​ហ៊ូ​ប៉ី ភាគ​កណ្ដាល​ប្រទេស​ចិន ក៏បាន​ដំឡើង​កូតា​ជ្រើសរើស​មន្ត្រី​បន្ថែម​ជាង​៤០​ភាគរយ​ផងដែរ ខណៈ​បណ្ដា​ខេត្ត​ភាគ​ខាងជើង បាន​ដំឡើង​កូតា​៤​ដង​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print