ភ្នំពេញ៖ ក្រុមការពារតំណែងជើងឯករដូវកាលមុន ២០១៩ ព្រះខ័នរាជស្វាយរៀង បានបន្តក្តោបក្តាប់លើកំពូលតារាងបណ្តោះអាសន្ន នាជំនួបសប្តាហ៍ទី៩ នៃក្របខ័ណ្ឌលីគកំពូលកម្ពជា ក្រោយស្វែងរកបាន៣ពិន្ទុបន្ថែមពីអង្គរថាយហ្គឺរ ដោយលទ្ធផលបច្ចេកទេស ២-០។
ឆ្លងកាត់៨ប្រកួត ព្រះខ័នរាជស្វាយរៀង ឈ្នះ៧ ស្មើ១ មាន២២ពិន្ទុ ខណៈក្រុមលេខ២ ដល់ លេខ៦ បណ្តោះអាសន្នរួមមាន៖ បឹងកេត វិសាខា ភ្នំពេញក្រោន ណាហ្គាវើលដ៏ និងអង្គរថាយហ្គឺ។ គ្រប់ក្រុមទាំង១៣នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា នៅសល់៣ប្រកួត និងក្រុមខ្លះនៅសល់៤ប្រកួតទៀត ដើម្បីបញ្ចប់ជើងទី១ ហើយ៦ក្រុមលើកំពូលតារាងនឹងត្រូវបន្តការប្រកួតប្រជែងជើងឯក ស្របពេលក្រុមលេខ៧ ដល់លេខ១៣ នឹងត្រូវប្រកួតធម្មតា ដោយរដូវកាល២០២០នេះមិនមានការប្រកួតសន្សំពិន្ទុ ជើងទី២ ដូចរដូវកាលមុនៗនោះឡើយ។
យោងតាមលទ្ធផលបច្ចេកទេសពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានឲ្យដឹងថា សម្រាប់ ការប្រកួតលីគកំពូលកម្ពុជា សប្តាហ៍ទី៩ កាលពីថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២០ ដែលមាន៦ប្រកួតនោះ រួមមាន៖ ព្រះខ័នរាជស្វាយរៀងបានយកឈ្នះអង្គរថាយហ្គឺរ ២-០, កងយោធពលខេមរភូមិន្ទ យកឈ្នះក្រុមសូលទីឡូអង្គរ ៣-០, វិសាខាប្រកួតឈ្នះអាស៊ីអឺរ៉ុបយូណាយធីត ១០-១, អគ្គិសនីកម្ពុជា ចាញ់ នគរបាលជាតិ ០-៣, បឹងកេត យកឈ្នះភ្នំពេញក្រោន ៣-១ ខណៈណាហ្គាវើលដ៍ បានប្រកួតឈ្នះក្រុមយុវជនសាលាបាល់ទាត់បាទីអាយុក្រោម១៨ឆ្នាំ ដោយលទ្ធផល ៣-០៕
ដោយ៖ សហការី