ចាប់ពី​ម៉ោង ១២​យប់ថ្ងៃទី​២៨ ខែកក្កដា​នេះតទៅ! អាជ្ញាធរ​ក្រុង​ដា​ណា​ង នឹង​បិទ​ជើងហោះហើរ និង​ប្រព័ន្ធ​ដឹកជញ្ជូន​នៅក្នុង​ទីក្រុង ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​COVID-19

ចែករំលែក៖

អន្តរជាតិ៖ យោងតាម​បទបញ្ជា​របស់​ក្រសួង​ដឹកជញ្ជូន​វៀតណាម ដែល​ចេញ​នៅ​ល្ងាច​ថ្ងៃទី​២៧ ខែកក្កដាម្សិលមិញនេះថា ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​COVID-19 នៅក្នុង​ប្រទេសមួយនេះ អាជ្ញាធរ​ក្រុង​ដា​ណា​ង បានសម្រេចបិទ​ជើងហោះហើរ និង​ប្រព័ន្ធ​ដឹកជញ្ជូន​នៅក្នុង​ទីក្រុង​ ចាប់ពី​ម៉ោង ១២​យប់ ថ្ងៃទី​២៨ ខែកក្កដា​នេះតទៅ ​។ ចំណែក ដំណើរការ​នៃ​ការជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ក៏ត្រូវ​ផ្អាក​ផងដែរ​ ។

​ក្រសួង​ដឹកជញ្ជូន​វៀតណាម បានចេញ​បទបញ្ជា​ថ្មី​មួយ នៅ​ល្ងាច​ថ្ងៃទី​២៧ ខែកក្កដា ដោយ​ផ្អាក​ជើងហោះហើរ​ក្នុងស្រុក ចេញ និង​ចូល​ក្រុង​ដា​ណា​ង​ទាំងអស់ ក្នុង​រយៈពេល ១៥​ថ្ងៃ ចាប់ពី​ម៉ោង​១២​យប់​ថ្ងៃទី​២៨ ខែកក្កដា​តទៅ​។ ដោយឡែក ជើងយន្តហោះ​ជម្លៀស​អ្នកដំណើរ ត្រូវតែ​ចាកចេញ​ពី​ក្រុង​ដា​ណា​ង​មុន​ម៉ោង ១២​យប់​ថ្ងៃទី​២៨ ខែកក្កដា ហើយ​ជើងហោះហើរ​នៅសល់​ត្រូវ​ផ្អាក​សិន​។ គិត​ត្រឹម​ថ្ងៃទី​២៧ ខែកក្កដាទីក្រុង​ដា​ណា​ង បាន​រាយការណ៍​ពី​ករណី​ឆ្លង​សរុប​ចំនួន ១៥​ករណី​ហើយ ដែលមាន​ពាក់ព័ន្ធ​នឹង​មន្ទីរពេទ្យ​ចំនួន​៣ នៅក្នុង​ទីក្រុង​ទេសចរណ៍​មួយ​នេះ​។ នេះ​បើតាម​ការចុះផ្សាយ​នៅលើ​គេហទំព័រ​រដ្ឋាភិបាល​វៀ​ត​ណា​ម VGP NEWS​។​

តាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​ស្តីទី​សុខាភិបាល​វៀតណាម ជំងឺ COVID-19 ពេលនេះ គឺជា​ប្រភេទ​ថ្មី ដោយ​ផ្អែក​ទៅតាម​ការវិភាគ​លើ​ហ្សែ​ន​របស់​វីរុស ហើយ​ឆ្លង​ខ្លាំង​ជាង​មុខ​។ ទើបធ្វើ​ឲ្យ​វៀតណាម​ត្រូវតែ​ចេញ​ចំណាត់ការ​ជាបន្ទាន់ និង​ជា​បន្តបន្ទាប់ ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង​នេះ​។ ​ជាមួយគ្នានេះ វៀតណាម ក៏បាន​ផ្អាក​ការធ្វើដំណើរ​នៅក្នុង​ទីក្រុង និង​ការធ្វើដំណើរ​ចេញចូល​ក្រុង​ដា​ណា​ង​ផងដែរ លើកលែង​ករណី​ចាំបាច់​ដូចជា​អ្នកជំងឺ កម្មករ​ជំនាញ បុគ្គលិក​ក្នុង​រោងចក្រ​ម្ហូបអាហារ​ប៉ុណ្ណោះ​។

​សូមជម្រាបថា ប្រជាជន​វៀតណាម ដែល​រស់នៅក្នុង​សង្កាត់​ចំនួន​៦ ក្នុង​ក្រុង​ដា​ណា​ង ត្រូវបាន​អាជ្ញាធរ​ស្នើ​ឲ្យ​ស្នាក់​នៅផ្ទះ​បណ្តោះអាសន្ន​សិន ដើម្បី​ជៀសវាង​ការឆ្លង​COVID-19​។ ប្រជាជន​ទាំងនោះ ក៏​អាច​ចាក​ចេញពីផ្ទះ ក្នុងករណី​ចាំបាច់​តែប៉ុណ្ណោះ ដូចជា​៖ ម្ហូបអាហារថ្នាំពេទ្យ និង​អ្នកធ្វើការ​ក្នុង​រោងចក្រ​ជាដើម​។

​បច្ចុប្បន្ន មន្ទីរពេទ្យ​ចំនួន​បី​ក្នុង​ក្រុង​ដា​ណា​ង ដែល​ត្រូវបាន​គេ​រកឃើញថា​មាន​ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង COVID-19 ក៏ត្រូវ​អាជ្ញាធរ​បិទ​ផងដែរ​។បើគិត​ត្រឹម​ថ្ងៃទី​២៧ ខែកក្កដា វៀតណាម បានធ្វើ​តេស្ត​លើ​ប្រជាជន​ចំនួន ៧៦១​នាក់ ដែលមាន​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ COVID-19​។ ករណី​COVID-19 សរុប​របស់​វៀតណាម បាន​កើន​ដល់ ៤៣១​នាក់ និង​មិនមាន​ករណី​ស្លាប់​។ រីឯ​អ្នកជា​សះស្បើយ​មាន​ចំនួន ៣៦៥​នាក់​៕ ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print