ភ្នំពេញ ៖ យុវជនម្នាក់បានដើររកការងារធ្វើដោយមកអង្គុយនៅសួនច្បារង្វង់មូលគូចការណុងត្រូវជនសង្ស័យមានគ្នា៣នាក់ប្រដាប់ដោយកាំបិតបានមកធ្វើសកម្មភាពភ្ជុងប្លន់យកលុយមួយចំនួននិងខ្សែកមួយខ្សែហើយព្យាយាមគេចខ្លួនតែត្រូវបានជនរងគ្រោះស្រែកឆោឡោឡើងបង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាដេញចាប់បានម្នាក់វាយទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣និង៤០នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចសួនច្បារគូចការណុង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនសង្ស័យម្នាក់ក្នុងចំណោមប័ក្ខពូក២នាក់ទៀតឈ្មោះឈឿន ណាង ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិជ្រោះថ្មី ឃុំរាក់ជ័យ សុ្រកបាភ្នំ ព្រៃវែង ។ចំណែកជនរងគ្រោះឈ្មោះ រឿន បញ្ញា ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរជាសន្តិសុខនៅម្តុំផ្សារទួលសង្កែរ ។
តាមការៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរួបគេបានធ្វើដំណើរថ្មើរជើងដោយចេញពីកន្លែងធ្វើការនៅម្តុំផ្សារទួលសង្កែរដោយសារតែក្រុមហ៊ុនទើបនិងបញ្ឈប់ហើយបានមករកការងារធ្វើ ខណៈមកដល់សួនច្បារកន្លែងកើតហេតុក៏បានឈប់អង្គុយបន្តិច។បន្ទាប់មកក៏មានជនសង្ស័យមានគ្នា៣នាក់បានដើរមកក្បែរហើយបានដកកាំបិតចេញពីចង្កោះយកមកភ្ជុងគំរាមមិនឲ្យស្រែកនិងអោយដោះខ្សែក និងលុយអោយពួកគេ រួចក៏នាំគ្នារត់គេចខ្លួន ភ្លាមនោះរួបគាត់ក៏បានស្រែកឆោឡោឡើងថាចោរៗបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាព័ទ្ធចាប់បានម្នាក់វាយទ្រោមខ្លួននិង២នាក់ទៀតបានយកលុយនិងខ្សែករត់គេចបាត់។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងបានយកជនសង្ស័យទៅរំរបួសរូចនាំទៅទីស្នាក់ការនគរបាលរដ្ឋបាលប៉ុស្តិ៍ស្រះចកដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីចាត់ការបន្ត៕