ខេត្តកណ្តាល៖ លោកស្រី ទីបូរ៉ាសុី ប្រធានគណៈកម្មការទី៥នៃព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសចុះស្វែងយល់ ពីការអនុវត្តច្បាប់ អន្តោប្រវេសន៍និងប្រពន្ធ័ផ្សព្វផ្សាយព័ត៌មាន នៅខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ បានស្នើអោយ អាជ្ញាធរ ខេត្តកណ្តាល បន្តពង្រឹងយន្តការគ្រប់គ្រង និងរឹតបន្តឹង ច្បាប់ជនអន្តោប្រវេសន៍ ចេញចូល តាមច្រកព្រំដែន កម្ពុជា-វៀតណាម អោយជាប់ជាប្រចាំ ប្រយោជន៍ដើម្បីគ្រប់គ្រង
ទិន្នន័យឲ្យបានច្បាស់លាស់ ងាយស្រួលក្នុងការដោះស្រាយ បានទាន់ពេលវេលា ពិសេសមានវិធានការ ទប់ស្កាត់រលកទី២ ការឆ្លងរាតត្បាត ជម្ងឺកូវីដ-១៩ ពីខាងក្រៅ ចូលមកក្នុងប្រទេសអោយមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ លោកស្រីប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា ក៏មានបំណង សែ្វងយល់ផងដែរ ពីរបបសារព័ត៌មាន និងប្រពន្ធ័ផ្សព្វផ្សាយ ព័ត៌មានក្នុងខេត្តកណ្តាល តើអាជ្ញាធរខេត្ត បានពង្រឹងយន្តការគ្រប់គ្រង និងពង្រីកវិសាលភាព ប្រពន្ធ័ផ្សព្វផ្សាយ បែបណាដើម្បីប្រជាជន ទទួលសិទ្ធបានព័ត៌មាន គ្រប់ជ្រុងជ្រោយ និងគ្រប់ទីកន្លែង។
ជាការឆ្លើយតប លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានគូសបញ្ជាក់ ពីវឌ្ឍនភាពការងារ ដែលរដ្ឋបាលឯកភាព ខេត្ត បាននិងកំពង់អនុវត្តយន្តការ គ្រប់គ្រងនិងពង្រឹងការអនុវត្តន៍ច្បាប់ តាមស្ថាបន័ជំនាញនិមួយៗ បានជាប់ជាប្រចាំ ដោយបង្កើតក្រុមការងារ ចុះតាមដាននិងដោះស្រាយបញ្ហាប្រឈមនានា បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានោះ លោកស្រី ទី បូរ៉ាស៉ី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លូន ដែលនឹងធ្វើឱ្យខេត្តមានការរីកចម្រើនយ៉ាងឆាប់រហ័ស៕
ដោយ៖ សិលា