ក្លិប Valencia នៅលីកកំពូលអេស្ប៉ាញ La Liga បានប្រកាសថា ក្លិបបានតែងតាំងលោក Javi Gracia អតីតគ្រូបង្វឹកក្រុម Watford ធ្វើជាអ្នកចាត់ការថ្មីរបស់ពួកគេក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ។
លោក Gracia បានជំនួសលោក Albert Celades ដែលត្រូវបានក្លិប Valencia បណ្តេញចេញកាលពីខែមិថុនាបន្ទាប់ពីការបរាជ័យជាបន្តបន្ទាប់ដោយចាញ់ក្រុម Eibar និងចាញ់ក្រុម Villarreal ដែលពេលនោះនាយកកីឡាលោក Voro ជាអ្នកទទួលបន្ទុកធ្វើគ្រូបង្វឹកបណ្តោះអាសន្នដល់ក្រុមរហូតដល់ចប់រដូវកាលនៅអេស្ប៉ាញកាលពីពាក់កណ្តាលខែកក្កដាកន្លងទៅ។
ក្លិប Valencia បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Valencia FC បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយលោក Javi Gracia ដែលត្រូវបានតែងតាំងជាគ្រូបង្វឹកកាលពីថ្ងៃចន្ទលើកិច្ចសន្យារយៈពេល២ឆ្នាំរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ក្លិប Valencia បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៩ក្នុងលីកកំពូលអេស្ប៉ាញរដូវកាលនេះដោយមាន៥៣ពិន្ទុ។
លោក Gracia បានប្រាប់គេហទំព័ររបស់ក្លិបថា “ខ្ញុំចង់ឲ្យក្រុមបង្ហាញពីអ្វីដែលយើងចង់ធ្វើ ដែលខ្ញុំមកទីនេះខ្ញុំរីករាយនឹងធ្វើការឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានលទ្ធផលល្អ។ ខ្ញុំចង់បានក្រុមដ៏អស្ចារ្យនេះដែលធ្លាប់ជាក្រុមខ្លាំង ត្រឡប់មកវិញ ហើយសូមអរគុណដល់អ្នកទាំងអស់គ្នាដែលមានជំនឿចិត្តមកលើខ្ញុំ”។
សូមបញ្ជាក់ថា លោក Gracia មានវ័យ៥០ឆ្នាំ ធ្លាប់បានដឹកនាំក្រុម Watford ឈរនៅចំណាត់ថ្នាក់លេខ១១ក្នុងតារាង Premier League រដូវកាល២០១៨-២០១៩ និងដឹកនាំក្រុមនេះទៅកាន់វគ្គផ្តាច់ព្រ័ត្រ FA Cup ជាលើកដំបូងក្នុងរយៈពេល៣៥ ឆ្នាំរបស់ក្លិប។ លោក Gracia បានចំណាយពេល២រដូវកាលនៅក្លិប Malaga ពីឆ្នាំ២០១៤-២០១៦ ធ្លាប់បានជួយក្រុម Cadiz ឡើងមកកាន់លីកទី២អេស្ប៉ាញកាលពីឆ្នាំ២០០៨-២០០៩ផងដែរ ៕
ដោយ៖ ធី រីណា