កម្ពុជាត្រូវជំរុញការផលិតរបស់ខ្លួនបែបណា ដើម្បីទទួលបានផលពី កិច្ចព្រមព្រៀងពាណិជកម្មសេរីជាមួយនឹងមហាយក្សចិន

ចែករំលែក៖

ភ្នំពេញ​ ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ដែលទើបបញ្ចប់ការចរចា បានក្លាយជារឿងសាទរមួយសម្រាប់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាពិសេសផលិតកសិកម្ម។ ប៉ុន្តែបើកម្ពុជាមិនប្រឹងប្រែងកែសម្រួលបញ្ហា និងឧបសគ្គមួយចំនួន ដើម្បីបង្កើនសមត្ថភាពលើការផលិតទេនោះ កម្ពុជានឹងមិនទទួលផលនេះបានច្រើនពីកិច្ចព្រមព្រៀងមួយនេះឡើយ ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហៅថា FTA គឺជាការកិច្ចព្រមព្រៀងលើកលែងរបាំងពន្ធអាករទៅវិញទៅមករវាងប្រទេស និងប្រទេសដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ កិច្ចព្រមព្រៀងនេះ គឺនឹងសម្រួលជាមួយរបាំងពន្ធអាករ ការកំណត់ចំនួនទំនិញ ដែលគេអាចយល់បានថា ជាការធ្វើសេដ្ឋកិច្ចបែបផែនទីផ្សារសេរី ឬ ក្នុងអត្ថន័យរួមបញ្ចូលសេដ្ឋកិច្ចតែមួយ។

ការធ្វើពាណិជ្ជកម្មសេរីនេះមិនត្រឹមតែការព្រមព្រៀងត្រឹមការលើកលែងរបាំងពន្ធអាករនោះទេ តែបានគ្របដណ្តប់លើវិស័យជាច្រើនទៀត មានដូចជាផ្នែកសេវាកម្ម វិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការលុបបំបាត់របាំងមិនមែនពន្ធគយជាដើម។
នេះបើតាមការបញ្ជាក់ របស់ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា -ចិន បានថ្លែងក្នុងវេទិកាតុមូល ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីរសៀលថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២០ម្សិលមិញ។

ឯកឧត្តម សុខ សុភ័ក្ត្រ បានថ្លែងថា ក្នុងមុខទំនិញរបស់កម្ពុជាប្រមាណ ៣៤០មុខ មានប្រមាណ ៩៥ភាគរយ នឹងលែងជាប់ពន្ធក្រោយកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា។ ដោយឡែកមុខទំនិញប្រមាណជា ៥ភាគរយទៀត នឹងត្រូវលែងជាប់ពន្ធដែរក្នុងរយៈពេល១០ឆ្នាំខាងមុខ។

បើតាមការលើកឡើង របស់ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច បានមើលឃើញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន វាជាពរជ័យមួយសម្រាប់កម្ពុជា ដែលមិនត្រឹមតែផ្តល់កាលានុវត្តន៍ភាពលើវិស័យពាណិជ្ជកម្មតែប៉ុណ្ណោះទេ។ តែវាក៏ជាកាលានុវត្តន៍ភាពលើការវិនិយោគ កសិកម្ម និងទេសចរណ៍របស់កម្ពុជាផងដែរ។

ឯកឧត្តម គី សេរីវឌ្ឍន៍ បានលើកឡើងថា ការធ្វើពាណិជ្ជកម្មសេរីជាមួយចិន គឺជាភាពវ័យឆ្លាតមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតប៉ូលពាណិជ្ជកម្មថ្មីមួយទៀត បន្ទាប់ពីប៉ូលពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប។ ហើយនេះក៏ជាការជួយឱ្យកម្ពុជា អាចគេចចេញពីគំនាបសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចលោកខាងលិចផងដែរ។

អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចរូបនេះ បានគូសបញ្ជាក់ថា «វាជាសក្តានុពលមួយសម្រាប់យើង។ ពេលយើងចុះពាណិជ្ជកម្មសេរីជាមួយចិនយើងនឹងមានកំណើនសេដ្ឋកិច្ចបន្តទៅមុខទៀត។ វា គឺជាឱកាសសម្រាប់កម្ពុជា»។

ដោយឡែកឯកឧត្តមបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកស្រាវជ្រាវលើបញ្ហាពាណិជ្ជកម្មរវាងកម្ពុជា និងចិន បានសម្តែងនូវការសាទរ ចំពោះការសម្រេចបាននូវនយោបាយថ្មីក្នុងការធ្វើពាណិជ្ជកម្មជាមួយចិននេះ។ ប៉ុន្តឯកឧត្តមនៅតែបារម្ភពីការត្រៀមខ្លួនមិនបានរួចរាល់របស់កម្ពុជា ធ្វើឱ្យការផលិតមិនបានខ្លាំង នាំឱ្យកម្ពុជាទទួលបានប្រយោជន៍តិចតួចពីពាណិជ្ជកម្មសេរីនេះ។

ឯកឧត្តមបណ្ឌិត សុខ ទូច លើកឡើងថា ក្រសួងពាក់ព័ន្ធមួយចំនួនត្រូវតែធ្វើការរួមគ្នា ដើម្បីជំរុញការផលិតរបស់កម្ពុជាឆ្លើយតបនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។ ក្រសួងពាក់ព័ន្ធដែលត្រូវពង្រឹងការងារ ដើម្បីបង្កើនការផលិតនេះរួមមាន៖ ក្រសួងពាណិជ្ជកម្ម ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងទេសចរណ៍ ។

ឯកឧត្តមបណ្ឌិត បានបង្ហាញពីបញ្ហាប្រឈមមួយចំនួន ដែលនាំឱ្យកម្ពុជាពិបាក ទាញយកប្រយោជន៍ពីពាណិជ្ជកម្មសេរីនេះដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, មូលដ្ឋានផលិតកម្ម និងថ្លៃដើមដឹកជញ្ជូនខ្ពស់ជាងប្រទេសជិតខាង, កង្វះធនធានមនុស្សក្នុងឧស្សាហកម្មធុនធ្ងន់ និងមធ្យម និងកង្វះបច្ចេកវិទ្យាទំនើបជាដើម ។ សូមប្រុងប្រយ័ត្នចំពោះទំនិញប្រទេសជិតខាងបិទផ្លាកផលិតនៅកម្ពុជា ហើយនាំចេញទៅប្រទេសចិន។ ឯកឧត្តមថា ធ្វើបែបនេះនាំឱ្យកម្ពុជាខាតបង់ធ្ងន់ធ្ងរណាស់។

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន កាលពីឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់ប្រមាណ ៧,៤០០លានដុល្លារអាមេរិក នៅក្នុងនោះការនាំចេញរបស់កម្ពុជា ទៅចិនមានទំហំទឹកប្រាក់ ១,៣៧៧លានដុល្លារអាមេរិក កើនឡើង៣៧% និងនាំចូលពីចិនមានទំហំទឹកប្រាក់ ៦,០០០លានដុល្លារអាមេរិក គឺបានកើនឡើង២៦%។

សូមជម្រាបថា៖ បន្ទាប់ពីការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តម លី ខឺជាំង នាយករដ្ឋមន្ត្រីចិន ក្នុងជំនួបទ្វេភាគីកាលពីខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ការពិភាក្សាពីការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ត្រូវបានធ្វើឡើង ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាងមុន សំដៅសម្រេចឱ្យបានគោលដៅពាណិជ្ជកម្មសរុប ១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ តាមការកំណត់។
ចំពោះកិច្ចចរចាលើនីតិវិធី ការកំណត់ប្រភេទទំនិញជាដើម ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ចំនួន៣លើក តាមរយៈប្រព័ន្ធវីដេអូរវាងក្រសួងពាណិជ្ជកម្ពុកម្ពុជា និងចិន នៅក្នុងឆ្នាំ២០២០នេះ ហើយកិច្ចចរចានេះត្រូវបានប្រកាសបិទបញ្ចប់ទាំងស្រុងនៅក្នុងខែកក្កដានេះ។ គេរំពឹងថាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាប្រវត្តិសាស្ត្រថ្មីបន្ថែមទៀតរវាងកម្ពុជា និងចិន អាចនឹងធ្វើឡើងនៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print