ភ្នំពេញ៖ តារាចម្រៀងជើងចាស់និងជាអតីតប្រធានសមាគមសិល្បករខ្មែរលោក សុះ ម៉ាច បានខ្លួនឈឺធ្ងន់ធ្ងររហូតត្រូវសម្រាកនៅលើគ្រែព្រោះតែជំងឺរលាកសន្លាក់ធ្ងន់ធ្ងរ។
លោក សុះ ម៉ាច បានបង្ហោះរូបភាពមួយសន្លឹកបង្ហាញពីស្ថានភាពជំងឺត្រូវសម្រាកលើគ្រែដែលមានភ្ជាប់ដោយសំណេរបញ្ជាក់មូលហេតុថាដល់វគ្គដេកស៊ី ព្រោះដើរមិនរួច ខ្វិនបានសម្រេចហើយ។ ក្រោយពិនិត្យលទ្ធផលតេស្តឈាមនិងកម្មរស្មីx គឺពុំមានសញ្ញាអ្វីធំដុំទេអាស៊ីដឡើងតិចតួច ឈាមខ្លាញ់បេះដូងធម្មតា គឺមកពីរលាកសន្លាក់ធ្ងន់ធ្ងរ»។លោកបញ្ជាក់ថាខានឈឺយូរហើយដែរទើបតែពេលនេះគឺឈឺធ្ងន់តែម្តងព្រោះតែកន្លងមកលោកបានធ្វើការងារច្រើនមិនប្រមាណកម្លាំង។ មានអ្នកសិល្បៈមួយចំនួនបានផ្ញើសារសួរសុខទុក្ខតារាចម្រៀងរូបនេះផងដែរ។ លោកក៏អរគុណសម្រាប់ការខ្វល់ខ្វាយចិត្តនិងសួរសុខទុក្ខពិសេសកូនស្រីច្បងបណ្តូលចិត្តដែលបានបារម្ភពីលោក។
គួរបញ្ជាក់ដែរថាក្រោយពីបញ្ចប់អាណត្តិជាប្រធានសមាគមសិល្បករខ្មែរ លោក សុះម៉ាច នៅតែបន្តការងារមនុស្សធម៌មួយចំនួនទៅកាន់សិល្បករចាស់ជរាតាមរយៈការជួយផ្ទាល់ពីសប្បុរសជនដែលផ្តល់ថវិកាមកលោកផ្ទាល់ និងការងារមួយចំនួនក្នុងនាមជាក្រុមប្រឹក្សាភិបាលសមាគមសិល្បករបច្ចប្បន្នដែលមានអ្នកស្រីចន ច័ន្ទលក្ខិណាជាប្រធាន៕
ដោយ វឌ្ឍនា