នៅថ្ងៃទី២៩ ខែកក្កដា រុស្ស៊ីមានគម្រោងក្លាយទៅជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោកដែលអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ បើទោះបីមានការមន្ទិលសង្ស័យពីក្រុមអ្នកឯកទេសថាជាសកម្មភាពនយោបាយក្តី។
សារព័ត៌មានCNN បានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីរុស្ស៊ីដែលបានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងមូស្គូ និឹងអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩មុនថ្ងៃទី១០ខែសីហា។មជ្ឈមណ្ឌលGamaleya មានទីតាំងនៅទីក្រុងមូស្គូជាអ្នកផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩។ថ្នាំព្យា
បាលកូវីដ-១៩ នឹងត្រូវបានប្រើប្រាស់ទូលំទូលាយនៅក្នុងសហគមន៍ ហើយផ្តល់អាទិភាពបញ្ជូនទៅកាន់ក្រុមគ្រូពេទ្យជួរមុខ របស់រុស្ស៊ីដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩។
លោកKirill Dmitriev អ្នកផ្តល់ជំនួយដ៏សំខាន់ក្នុងការផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅប្រទេសរុស្ស៊ីបានប្រៀបធៀបព្រឹត្តិការណ៍បញ្ចេញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ទៅនឹងសម័យកាលសហភាពសូវៀតបាញ់បង្ហោះផ្តាយរណប Sputnik ដោយជោគជ័យ ដែលជាផ្កាយរណបដំបូងគេបង្អស់នៅលើពិភពលោក នាឆ្នាំ១៩៥៧ ។
រុស្ស៊ីមិនប្រកាសទិន្នន័យវិទ្យាសាស្ត្រស្តីពីការសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ-១៩ដោយជោគជ័យនោះទេ ទាំងនោះហើយបានធ្វើឲ្យមនុស្សមួយចំនួនសង្ស័យថាទីក្រុងមូស្គូអនុម័តវ៉ាក់សាំងលឿនពេកក្រោមគំនាបនយោបាយ។
ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ីបានលើកឡើងថា ការដែលប្រទេសនេះផលិតវ៉ាក់សាំងបានលឿនគឺដោយសារតែប្រើតាមរូបមន្តវ៉ាក់សំាងផ្សេង ហើយបន្ថែមតែចំណុចមួយចំនួនទៀតប៉ុណ្ណោះ។ ទាំងនោះជាវិធីសាស្ត្រដែលក្រុមហ៊ុនផលិតឱសថមួយចំនួនបានធ្វើ ៕
ដោយ៖ ធី រីណា