អន្តរជាតិ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃអង្គារទី២៨ ខែកក្កដាម្សិលមិញនេះ បានសម្តែងការប្រឆាំងជាថ្មីទៅនឹងទង្វើលូកលាន់កិច្ចការសមុទ្រចិនខាងត្បូង ពីសំណាក់សហរដ្ឋអាមេរិក ។ ដោយក្រុងប៉េកាំង បានណែនាំថា៖ សមុទ្រចិនខាងត្បូងមិនមែនជាកោះហាវ៉ៃរបស់សហរដ្ឋអាមេរិកនោះទេ ។
បើតាមការដកស្រង់ព័ត៌មានពី CGTN សម្តីលោក វ៉ាង វិនពីន អ្នកនាំពាក្យក្រសួងការបរទេសចិន នារសៀលថ្ងៃពុធ ទី២៩ ខែកក្កដាឆ្នាំ២០២០នេះថា ដើម្បីឆ្លើយតបទៅនឹងពាក្យសម្តីរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ដែលបានវាយប្រហារចិនត្រង់ៗថា៖ ចិនកំពុងតែគ្រប់គ្រងអធិបតេយ្យនៅក្នុងដែនទឹក (សមុទ្រចិនខាងត្បូង) បន្តិចម្តងៗ។ សមុទ្រចិនខាងត្បូង មិនមែនជាអាណាចក្រដែនសមុទ្រ នៃប្រទេសចិននោះទេ ។
គួរបញ្ជាក់ថា ជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក លោក វ៉ាង បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសចិនមិនដែលបង្កើនការអះអាងទៅលើអធិបតេយ្យភាពសមុទ្រខាងត្បូងនោះឡើយ។ ចិននៅតែរក្សាការគោរពជានិច្ច ចំពោះច្បាប់អន្តរជាតិ ខណៈដែលតួនាទីរបស់ចិននៅតំបន់នេះ តែងតែដើរស្របគ្នាជានិច្ច។ ចិនតែងតែធ្វើការងាររួមគ្នា ដើម្បីដោះស្រាយជម្លោះតាមរយៈកិច្ចចរចា ដោយមានការចូលរួមពីគ្រប់ភាគីទៅអស់»។
ក្រៅពីការតបតទៅកាន់ពាក្យសម្តី នៃរដ្ឋមន្ត្រីការបរទេសអាមេរិក ចិនក៏បានចាត់ទុកផងដែរថា ការចល័តក្បួននាវាពិឃាតអាមេរិកដូចជាUSS Nimitz និង USS Ronald Reagan មកធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅតំបន់សមុទ្រចិនខាងត្បូងនោះ គឺជាការបង្កហេតុ និងធ្វើឲ្យស្ថានការណ៍ក្នុងតំបន់នេះ កាន់តែតានតឹងខ្លាំងឡើងៗ។
បច្ចុប្បន្នរដ្ឋាភិបាលចិន បានអំពាវនាវជាថ្មីឲ្យសហរដ្ឋអាមេរិកឈប់ប្រើប្រាស់សមុទ្រចិនខាងត្បូង ជាលេសបង្កើតជម្លោះក្នុងតំបន់ ដើម្បីប្រឆាំងចិនតទៅទៀត៕ដោយ៖ស តារា