ភ្នំពេញ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវជនសង្ស័យម្នាក់ហៅឲ្យឌុបយកទៅរឹតក ប៉ងសម្លាប់ចោល រួចប្លន់យកម៉ូតូ តែមិនបានសម្រេច បណ្ដាលឲ្យជនរងគ្រោះរលាត់ក រងរបួសស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអាធ្រាត ឈានចូល ថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ច្រកចូលវត្តពោធិញាណ ស្ថិតក្នុងភូមិឬស្សី សង្កាត់សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ជនសង្ស័យមានឈ្មោះសុខ ណាក់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាជាងលាបថ្នាំ ស្នាក់នៅផ្ទះជួលម្ដុំគីឡូម៉ែត្រលេខ៧ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ ។រីឯជនរងគ្រោះមានឈ្មោះចាន់ ឈឿង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូឌុប ជិះម៉ូតូម៉ាកហង់ដាឌ្រីម សេរី២០១២ ពាក់ស្លាកលេខកណ្ដាល1N.6884 និងទីលំនៅបច្ចុប្បន្នផ្ទះលេខ២៤ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
បើតាមសម្ដីរៀបរាប់របស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុខពេលកើតហេតុរូបគាត់បានអង្គុយលេងជាមួយប៉ូលិសចរាចរណ៍នៅគល់ស្ពានអាកាស៧មករា ក្រោយមកស្រាប់តែមានជនសង្ស័យខាងលើបានឲ្យគាត់ឌុបរូបគេមកវត្តពោធិញាណ ដោយឲ្យតម្លៃ១មឺុនរៀល ហើយជនរងគ្រោះក៏បានដឹកជនសង្ស័យរូបនោះ មកចំណុចកើតហេតុខាងលើ បន្ទាប់មកក៏បានធ្វើសកម្មភាពយកខ្សែមករឹតកជនរងគ្រោះ បណ្ដាលឲ្យដួលនិងបានប្រតាយប្រតប់គ្នាទៅវិញទៅមក ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែនោះជួយចាប់ចងទុកប្រគល់ឲ្យសមត្ថកិច្ច។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ទទួលបានដំណឹងខាងលើនេះ រួចក៏ចុះអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ ចំណែកឯជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍មានសមត្ថកិច្ចផងដែរ ហើយសមត្ថកិច្ចក៏នាំជនសង្ស័យរួមទាំងវត្ថុតាង យកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ដើម្បីកសាងសាណំុរឿងចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ជីម ភារ៉ា