ភ្នំពេញៈ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាៈ បន្តពីម្សិលមិញដែលខ្ញុំបានធ្វើដំណើរពិនិត្យការរៀបចំសួនច្បារ ទីកន្លែងហាត់ប្រាណ កន្លែងដើរកំសាន្តរបស់ប្រជាជន។ ទោះជាជីវិតខ្ញុំពោពេញដោយទុក្ខសោកស្ទើរស្លាប់ស្ទើររស់ តែខ្ញុំពិតជាមានមោទនភាពដែលបានចូលរួមរំដោះប្រជាជនចេញពីរបប ប៉ុល ពត ដឹកនាំការស្វែងរកសន្តិភាព ពិសេសនយោបាយឈ្នះៗ ដែលធ្វើឱ្យកម្ពុជាមានសន្តិភាពទាំងស្រុង ដែលផ្តល់ឱកាសសំរាប់ការអភិវឌ្ឍប្រទេសនិយាយរួម និងរាជធានីភ្នំពេញនិយាយដោយឡែក។
សុំអរគុណបងប្អូនជនរួមជាតិដែលផ្តល់នូវការគាំទ្រ និងស្រឡាញ់រាប់អាន។ យើងថតរូបជាមួយគ្នាយ៉ាងសប្បាយ។ ខ្ញុំបានសាកនំបញ្ចុក និង ផ្លែខ្នុរ និង បានពរចៅៗមួយចំនួនដោយក្តីស្រឡាញ់ ។
ខ្ញុំក៏សុំទោសបងប្អូនមួយចំនួនដែលចង់ថតរូបជាមួយ តែមិនបានថតដោយមនុស្សច្រើនពេក។ បំផ្លាញសន្តិភាពវាងាយស្រួល តែការរកសន្តិភាពនិងថែរក្សាសន្តិភាពគឺជាកិច្ចការដ៏លំបាក។ ខ្ញុំសង្ឃឹមថា ជនរួមជាតិនឹងបន្តរួមដំណើរជាមួយខ្ញុំដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត៕