ភ្នំពេញ ៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួកចំនួន៤នាក់ ត្រូវសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលទឹកថ្លា សហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីពួកគេជិះម៉ូតូពីរគ្រឿងធ្វើសកម្មភាពឆក់ទូរសព្ទដៃពីរនារីម្នាក់ក្នុងចំណោមគ្នា៣នាក់កំពុងអង្គុយចុចទូរស័ព្ទលើម៉ូតូបានសម្រេច បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១យប់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្បែរប៉ុស្តិ៍នគរបាលទឹកថ្លា(ទីតាំងចាស់) តាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យ២នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន ៖ ទី១/ ឈ្មោះ សុ ឃីម ភេទប្រុស អាយុ១៩ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី២/ឈ្មោះ រ៉ា ស្នាក់នៅក្បែរគ្នា។ ចំណែកបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់។
បេីតាមសម្ដីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគេមានគ្នាបីនាក់ជិះម៉ូតូស្គូពី ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខកំពង់ស្ពឺ1P-8765បានមកឈប់អែបចិញ្ចើមផ្លូវនៅចំណុចកើតហេតុខាងលើ រួចក៏បានយកទូរស័ព្ទដៃ ១គ្រឿងម៉ាកOPPOមកចុចលេងខណៈពេលនោះក៏លេចមុខជនសង្ស័យចំនួន៤នាក់ជិះម៉ូតូចំនួនពីរគ្រឿងម៉ាកឌ្រីមសង់ ០១៨ មួយគ្រឿងនិង០១៩ មួយគ្រឿង បានជិះមកអែបពួកគេ ហេីយក៏មានជនសង្ស័យ២ក្នុងចំណោមបក្ខពួក៤នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដែលរូបគេកំពុងចុចលេងបានសម្រេច រួចព្យាយាមជិះម៉ូតូគេចខ្លួន ភ្លាមៗនោះស្រាប់តែគ្នាជនរងគ្រោះពីរនាក់បានជិះម៉ូតូដេញចាប់ទាញទម្លាក់ជនសង្ស័យម្នាក់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតព្យាយាមបើករត់គេចខ្លួនរហូតទៅដល់ចំណុចក្រោយធនាគារជាតិ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានជនរងគ្រោះដេញចាប់បានរួមនិងម៉ូតូមួយគ្រឿងរួចប្រគល់ជូនសមត្ថកិច្ចតែម្តង។
ក្រោយមក សមត្ថកិច្ចបានយកជនសង្ស័យម្នាក់ទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា និងម្នាក់ទៀតសួរនាំនៅអធិការនគរបាលខណ្ឌសែនសុខ ដើម្បីធ្វើកំណត់ហេតុនិងបញ្ជូនបន្តដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ ចំណែកឯជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងផងដែរ៕
ដោយ៖ ភារ៉ា ដង្កោ