អុីតាលី៖ ក្តីសង្ឃឹមរបស់កីឡាករ Cristiano Ronaldo ក្នុងការបញ្ចប់ក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅអឺរ៉ុបក៏ដូចជានៅក្របខ័ណ្ឌអុីតាលី SerieA រដូវកាលនេះអាចត្រូវបានបាត់បង់ ខណៈដែលកីឡាកររូបនេះមិនបានរកគ្រាប់បាល់ពេលក្រុមសេះបង្កង់Juventus ចាញ់ក្រុមCagliari កាលពីរាត្រីយប់មុិញ។
Ronaldo រកបានគ្រាប់បាល់នៅ Serie A ចំនួន៣១គ្រាប់ដែលមិនគួរឱ្យជឿនៅរដូវកាលនេះ ប៉ុន្តែចំនួននេះគឺបានត្រឹមឈរលេខ២ប៉ុណ្ណោះ។ការប្រកួតយប់មុិញក្រុមភ្ញៀវ Juventus បានចាញ់ក្រុមម្ចាស់ផ្ទះ Cagliariក្នុងលទ្ធផល ២ទល់០។ក្រុម Juventus នឹងត្រូវប៉ះក្រុម Roma នៅថ្ងៃទី២ ខែសីហា ដែលជាថ្ងៃបិទរដូវកាល ។
Ronaldo បានឈរក្រោមខ្សែប្រយុទ្ធរបស់ក្លិប Lazio កីឡាករ CiroImmobile ដោយរកបាន៣៥គ្រាប់។ Immobile បានរកគ្រាប់បាល់ទី៣៥របស់គាត់ក្នុងរដូវកាលនេះ ខណៈដែល Lazio បានផ្តួលក្រុម Brescia ២-០ កាលពីយប់មុិញដែរ។
ជាមួយនឹងការប្រកួតដែលនៅសល់១ប្រកួតទៀតបិទរដូវកាលនៃក្របខ័ណ្ឌ Serie A ខ្សែប្រយុទ្ធ Immobile គឺជាអ្នកនាំមុខគេក្នុងការរកគ្រាប់បាល់នៅអឺរ៉ុប ខណៈកីឡាករ Robert Lewandowski របស់ក្រុម Bayern Munich ដែលបានបញ្ចប់រដូវកាល Bundesligaរកបាន៣៤គ្រាប់។
សូមបញ្ជាក់ថា Immobile ខ្សែប្រយុទ្ធរបស់ក្លិប Lazio គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅរដូវកាលនេះទាំងនៅអុីតាលី និងទូទាំងអឺរ៉ុបដែលនេះជាការបំបែកកំណត់ត្រាមួយក្នុងនាមជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ បន្ទាប់ពីកីឡាករ Gonzalo Higuain រកបាន៣៦គ្រាប់ឱ្យក្លិប Napoli កាលពីរដូវកាល២០១៥-២០១៦កន្លងទៅ ព្រោះក្រុម Lazioត្រូវប៉ះ Napoli នៅថ្ងៃបិទរដូវកាលនៅថ្ងៃទី២ ខែសីហាខាងមុខដែលអាចធ្វើឲ្យកីឡាករ Immobile រកគ្រាប់បាល់បានបន្ថែមទៀត ៕
ដោយ៖ភារៈ