ខេត្តរតនគិរី៖ ទីតាំងស្តុកឈើប្រណិីតមួយកន្លែងត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបនិងរឹបអូសយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើលំផាត់ដើម្បីចាត់ការបន្តនិងនាំខ្លួនម្ចាស់ទីតាំងបានពីរនាក់ផងដែរ។
ការចុះបង្ក្រាបទីតាំងលាក់ទុកឈើដោយខុសច្បាប់នេះគឺមានការចង្អុលបង្ហាញពី លោកថង សាវុន អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តនិងមានការសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី លោក លាង អ៊ូ ព្រះរាជអាជ្ញារង។អញ្ជើញចូលរួមក្នុងក្នុងកិច្ចប្រតិបត្តិការនេះដែរមានលោកនូវ ដារា នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តរួមទាំងកម្លាំងរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចមូលដ្ឋានផងដែរ។
ទីតាំងលាក់ទុកឈើមួយកន្លែងដ៏ធំនេះកម្លាំងចម្រុះបានចុះប្រតិបត្តិការបង្ក្រាបនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ត្រង់ចំណុចភូមិ(គ៦០)ស្ថិតក្នុងឃុំត្រពាំងច្រេស ស្រុកកូនមុំខេត្តរតនគិរី។
ប្រពបន្តថា ទីតាំងនោះមានស្តុកឈើជាច្រើនហើយកម្លាំងសមត្ថកិច្ចកំពុងធ្វើការរឹបអូសដឹកជញ្ជូនយកមកទុកនៅផ្នែករដ្ឋបាលព្រៃឈើលំផាត់ដែលមានទីតាំងនៅក្នុងសង្កាត់កាចាញ ក្រុងបានលុងដើម្បីធ្វើការវាស់វែង។ បើតាមប្រភពបន្តថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចនៅកំពុងតែបន្តសកម្មភាពមិនទាន់បញ្ចប់នៅឡើយទេ។
ប្រភពបន្តទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះក៏មានការនាំខ្លួនម្ចាស់ទីតាំងបានពីរនាក់ផងដែរ ប៉ុន្តែមិនទាន់បានស្គាល់ឈ្មោះនៅឡើយ ឯតួលេខឈើក៏ពុំទាន់ដឹងចំនួនពិតប្រាកដដែរ៕ដោយ ៖ជីវ័ន្ត