ខេត្តបន្ទាយមានជ័យ៖ ទីតាំងហាងលក់ទូរស័ព្ទយីហោ”តាន់ គឹមហួង” និងហាងទូរស័ព្ទជាច្រើន នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីរត់ពន្ធទូរស័ព្ទខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យស្រាវជ្រាវ អំពើរត់ពន្ធតំបន់៥ ប្រចាំខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងចម្រុះ បើកប្រតិបត្តិការបង្ក្រាប នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ ជាក់ស្តែងរកឃើញទូរស័ព្ទដៃខុសច្បាប់ចំនួន ៣០០គ្រឿង ។
មន្ត្រីជំនាញដែលចុះបង្ក្រាបនៅទីតាំងខាងលើនេះ បានបញ្ជាក់ថា ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីលោកប្រធាននាយយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសគយ និងមានការសម្របសម្រួលពីសំណាក់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជាអាជ្ញាអមសាលាដំបូងខេត្ត។
ក្រោយពីការបង្ក្រាបរួច មន្រ្តីជំនាញបានដកហូតវត្ថុតាងទូរស័ព្ទដៃគេចពន្ធចំនួន ៣០០គ្រឿងរួមមាន៖ ម៉ាក SAMSUNG, ម៉ាក OPPO និងម៉ាក ViVO ។
បច្ចុប្បន្នមន្រ្តីជំនាញ បានកសាងសំណុំរឿងបញ្ជូនវត្ថុតាងទៅតំបន់ឈរជើងការិយាល័យស្រាវជ្រាវអំអើរត់ពន្ធតំបន់ ៥ នៅស្ពានទឹកថ្លាសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីឱ្យម្ចាស់ចូលបង់ពន្ធតាមនីតិវិធី ។ ចំណែកម្ចាស់វិញសមត្ថកិច្ចធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការរកស៊ីរបរខុសច្បាប់នេះទៀត។
គួរបញ្ចាក់ថា ទូរស័ព្ទដៃម៉ាក់ VIVO និង OPPO ជាប្រភេទទូរស័ព្ទដៃ ដែលកំពុងពេញនិយម សម្រាប់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យហើយការរកឃើញពីភាពមិនប្រក្រតីភាព របស់ផលិតផលទាំងនេះ ធ្វើឲ្យប្រជាពលរដ្ឋស្រងាកចិត្ត ព្រោះថា ពេលពួកគាត់ទិញទូរស័ព្ទដៃយកទៅប្រើ ពួកគាត់មិនដែលចាប់អារម្មណ៍លើតែមដែលបិត ឬមិនបិត លើប្រអប់ទូរស័ព្ទដៃនោះទេ តែគ្រាន់តែដឹងថា តម្លៃទូរស័ព្ទនីមួយៗសុទ្ធតែរាប់រយដុល្លាដូចគ្នា ខុសតែម៉ាក និងយីហោ មនគួរណាក្រុមហ៊ុនទូរស័ព្ទគេងប្រវ័ញ្ចផ្នែកពន្ធដូច្នេះសោះ៕ដោយ៖ហេង នរិន្រ្ទ