ខេត្តកំពង់ឆ្នាំង៖ ក្រុមជនសង្ស័យជាចោរលួចមងចំនួន៤នាក់ ត្រូវបានម្ចាស់មងចាប់ខ្លួនក្នុងពេលធ្វើសកម្មភាពលួចសាមង របស់ប្រជានេសាទ ។
ការចាប់ខ្លួនពួកក្រុមជនសង្ស័យលួចមងដាក់ត្រីខាងលើនេះ ធ្វើឡើងនៅម៉ោង១២និង៣០នាទី ទី៣១ ខែមករា ឆ្នាំ២០១៦។ ស្ថិតនៅក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានអោយដឹងថា ក្រុមជនសង្ស័យលួចមងទាំង៤នាក់ ដែលត្រូវបានចាប់ខ្លួនមាន ១.ឈ្មោះ លឹម ធារា អាយុ២៨ឆ្នាំរស់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ២ .ឈ្មោះ ម៉ក អៀង អាយុ៣៨ឆ្នាំ នៅភូមិសំរោ ង សង្កាត់ផ្សាឆ្នាំង ៣.ឈ្មោះ នួន ម៉ានិត អាយុ៣៨ឆ្នាំ នៅភូមិត្រពាំងបី និង៤.ឈ្មោះ ចៀម ចាន់ធឿន អាយុ២៩ឆ្នាំ នៅភូមិដែកដុល សង្កាត់ផ្សាឆ្នាំង ពួកគេទាំង៤នាក់មានមុខរបរជាកម្មករលីសែង នៅកំពង់ផែផ្សារក្រោម និងមានម្នាក់ធ្លាប់ជាគុកក្នុងរឿងចោរកម្ម។
ម្ចាស់មងឈ្មោះ អ៊ុំ ចក់ អាយុ៤១ឆ្នាំ មានទីលំនៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង បានប្រាប់សមត្ថកិច្ចថា មងដែលគាត់បាត់នេះមានប្រវែង២១០០ម៉ែត្រ ជាមងដែលមានទំហំក្រឡា៤ហ៊ុន ហើយមងនេះគាត់ទើបនឹងទិញអស់ប្រមាណជាង២លានរៀល ដោយចងការលុយរបស់មីក្រូហិរញ្ញវត្ថុ ។
លោកបានបញ្ជាក់ប្រាប់ទៀតថា នៅថ្ងៃដែលបាត់នេះ គឺរូបគាត់បានសារមងនេះដាក់ក្នុងខ្ទមចាំស្រែមួយកន្លែង ដែលជាកន្លែងដែលគាត់ធ្លាប់ដាក់រាល់ដង នៅវេលាម៉ោងប្រជាង១២ថ្ងៃត្រង់ មានគេទូរស័ព្ទប្រាប់គាត់ថា មានមនុស្ស៤នាក់កំពុងលួចយកមរបស់គាត់ ពេលដឹងភ្លាមគាត់បានប្រញាប់ទៅ ហើយបានជួបនិងក្រុមជនសង្ស័យទាំងនេះដែលកំពុងជញ្ជូនមងរបស់គាត់ដាក់ទូក ក៍ឃាត់ធ្វើការសាកសួរ និង ប្តឹងសមត្ថកិច្ចអោយចាប់ខ្លួនតែម្តង ។
ជនសង្ស័យទាំង៤នាក់នេះត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរ បាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ចន្ថា