ខេត្តកណ្ដាល៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលចាប់បញ្ចូនខ្លួនទៅកាន់សាលាដំបូងខេត្ដនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ ពីបទប្រទូស្ដកេរ្ដិ៍ខ្មាស់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីយុវជនរូបនេះធ្វើសកម្មភាពស្ទាបអង្អែលប្រដាប់ភេទក្មេងស្រីអាយុ១៥ឆ្នាំ ហើយត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលចាប់ខ្លួនតាមពាក្យបណ្ដឹងម្ដាយក្មេងស្រីរងគ្រោះ ។
ករណីប្រទូស្ដកេរ្ដិ៍ខ្មាស់នេះបានកើតឡើងកាលពីវេលាម៉ោង១៣និង៣០នាទីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ នៅត្រង់ចំណុចបន្ទប់ផ្ទះជួលលេខ៣៧ ស្ថិតក្នុងភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។
អធិការនគរបាលស្រុកអង្គស្នួលលោកវរសេនីយ៍ទោ មាន សំណាង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ព្រីង ប៉ាវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបររៀនកាត់ដេរសម្លៀកបំពាក់ មានស្រុកកំណើតភូមិព្រៃវែង ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅក្នុងភូមិ/ឃុំកើតហេតុខាងលើ ។ ចំណែកឯក្មេងស្រីរងគ្រោះឈ្មោះ ក ស.ឌ អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបររៀនកាត់ដេរសម្លៀកបំពាក់ មានស្រុកកំណើតនៅភូមិថ្លុកព្រាល ឃុំព្រះនិពាន្វ ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ បច្ចុប្បន្នស្នាក់ក្នុងភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ។
លោកវរសេនីយ៍ទោ មាន សំណាង បានបន្ដថា ជនសង្ស័យនិងក្មេងស្រីរងគ្រោះបានមកស្នាក់នៅស្រុកអង្គស្នួល ដើម្បីរៀនកាត់ដេរជាមួយគ្នា ។ អំឡុងរៀនសូត្រជនសង្ស័យបានលួចទំនាក់ទំនងជាមួយក្មេងស្រីរងគ្រោះដោយប្រើពាក្យសំដីលួងលោមធ្វើឲ្យក្មេងស្រីរងគ្រោះខ្វះការពិចារណាទៅជួបជនសង្ស័យដល់បន្ទប់ជួល ។
លោកអធិការបានបន្ដទៀតថា ពេលជួបគ្នាស្ងាត់ៗទាំង២នាក់ជនសង្ស័យបានប្រើពាក្យសំដីលួងលោមក្មេងស្រីរងគ្រោះ ហើយបានធ្វើសកម្មភាពស្ទាបអង្អែលប្រដាប់ភេទនិងសុដន់គ្រានោះក្មេងស្រីរងគ្រោះបានរើបំរាស់រត់ចេញពីបន្ទប់ជួល ឈានដល់ប្រាប់ឪពុកម្ដាយប្ដឹងសមត្ថកិច្ចនគរបាលចាប់ខ្លួបជនសង្ស័យចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ស្អាងជ័យ