ភ្នំពេញ៖ មន្ត្រីមួយចំនួនតូចមិនបានកែប្រែចរិកការងារ ឱ្យមានសីលធម៌ វិជ្ជាជីវៈ បម្រើរាស្ត្រពិតប្រាកដនោះទេ ច្រើនមានវប្បធម៌រើសអើង មាកងាយ មិនយកចិត្តទុកដាក់ចំពោះពលរដ្ឋ ប្រើសំដីមិនសមរម្យ ធ្វើឱ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ សុទ្ធតែជាបច្ច័យមិនល្អ ប៉ៈពាល់ដល់សតិអារម្មណ៍ពលរដ្ឋ ហើយអ្នកខ្លះមិនបានដឹង ចេះតែបន្តចងកំហឹងមកថ្នាក់លើ កើតឡើងដោយមន្ត្រីគ្រាប់ល្ពៅនេះឯង។
នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ លោក ដួង តារា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី អាចជួបរឿងពិតក្នុងសង្គម ទទួលបាននូវសជាតិ សំដី មន្ត្រីធ្វើការងារខ្លះ ដើរផ្ទុយពីគោលការណ៍ណែនាំពីថ្នាក់លើ ហើយប្រព្រឹត្តមកលើរូបគាត់ផ្ទាល់ ទើប លោក ដួង តារា បានសរសេរសារដ៏ទន់ភ្លន់ ក្នុងន័យស្ថាបនាយ៉ាងដូច្នេះថា៖ មុននេះបន្តិចខ្ញុំមកសុំបញ្ជាក់ក្រដាសស្នាម សំបុត្រកំណេីត សំបុត្រអាពាហ៍ពិពាហ៍ និងអត្តសញ្ញាណប័ណ្ណនៅច្រកចេញចូលតែមួយ របស់ខណ្ឌមួយ នៅភ្នំពេញ។
លោកបន្តថា៖ ខ្ញុំពិតជាខកចិត្តនិងសោកស្តាយចំពោះសេវាកម្មបម្រេីប្រជាលរដ្ឋនៅទីនោះដែលខ្វះភាពរស់រាយរាក់ទាក់ នឹងមិនបានបង្ហាញខ្ញុំអោយច្បាស់ថាត្រូវទៅតុណាមួយ…ជួបអ្នកណា…។
លោក ដួង តារា លើកឡើងថា៖ មន្រ្តីក្មេងៗក្រៅពីសមត្ថភាពចំណេះដឹង ត្រូវមានសមត្ថភាពសុជីវធម៍ និងគុណធម៍ក្នុងខ្លួនហេីយមានបេះដូងថ្លេីមប្រម៉ាត់រីករាយក្នុងការបម្រេីប្រជាពលរដ្ឋពិតប្រាកដ។
លោកបន្តទៀតថា៖ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង៕
ដោយ៖ សុខ ខេមរា