សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ចំនួន​១២​នាក់ ត្រូវ​ដកសិទ្ធិ​មិន​ឲ្យ​ឈរឈ្មោះ ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា​ហុងកុង​

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋាភិបាល​ហុងកុង​ អះអាងថា សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ចំនួន​១២​នាក់ ត្រូវបាន​ដកសិទ្ធិ​មិន​ឲ្យ​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា​ហុងកុង​ដែល​ធ្វើឡើង​នៅ​ខែកញ្ញា​ខាងមុខ​។ ដោយពួកគេ​មិន​គោរព​តាមច្បាប់​មូលដ្ឋាន និង​មិន​ស្មោះត្រង់​ចំពោះ​រដ្ឋាភិបាល​តំបន់ និង​រដ្ឋាភិបាល​មជ្ឈិម​។ សកម្មជន​ដែល​ត្រូវ​ហាមឃាត់ បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ ដើម្បី​បញ្ជាក់​ពី​ព័ត៌មាន​នេះ ហើយ​ឆ្លៀត​វាយប្រហារ​ទីក្រុង​ប៉េកាំង​ផងដែរ​។​

សកម្មជន​មាន​និន្នាការ​រក​ប្រជាធិបតេយ្យ​ចំនួន​១២​នាក់ ដែល​ទាំង​សមាជិកសភា​ផង មិនមាន​សិទ្ធិ​ចូលរួម​ក្នុងការ​បោះឆ្នោត​សភា​ខែកញ្ញា​ឡើយ ។ ពួកគេ​បាន​រិះគន់​ការសម្រេចចិត្ត​បែបនេះ ដោយ​ចាត់ទុកជា​ការមិន​ការដើរ​ថយ​ប្រជាធិបតេយ្យ​នៅ​ទីក្រុង​រដ្ឋបាល​ពិសេស​មួយ​នេះនិង​ថា ប៉េកាំង​មិន​ខ្វល់​ពី​ឆន្ទៈ​ប្រជាជន​ហុងកុង​។ ខណៈ​ប្រទេសចិន​សាទរ ប្រតិកម្ម​ក៏​ធ្លាក់​ពី​សហគមន៍​អន្តរជាតិ​ដែរ ដោយ​អង់គ្លេស​បាន​រិះគន់​ខ្លាំងជាងគេ​។​

សកម្មជន​វ័យក្មេងម្នាក់ គឺលោក ​Joshua Wong ដែល​ដឹកនាំ​បាតុកម្ម​កន្លងមក និយាយ​ក្នុង​វីដេអូ​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់ខ្លួន​ថា៖ទីក្រុង​ប៉េកាំង បង្ហាញ​ការមិន​គោរព​ដល់​ឆន្ទៈ​ពលរដ្ឋ​ហុងកុង ហើយ​ជាន់ឈ្លី​ស្វ័យភាព និង​ប៉ុនប៉ង​រក្សា​សភា​ហុងកុង​ឲ្យ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន​។ លោកWong ចាត់ទុក​ការដកហូត​សិទ្ធិ​នេះ ជាការ​បង្ក្រាប​ធំ​បំផុត​លើ​ចលនា​ប្រជាធិបតេយ្យ មិន​ថា​សកម្មជន​វ័យក្មេង ឬ​សកម្មជន​ដែលមាន​ជំហរ​កណ្ដាល​ឡើយ​។​

​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP បានបញ្ជាក់ថា សកម្មជន​ផ្សេងទៀត​ដែល​ត្រូវ​ហាមឃាត់​ដូច លោកWong ដែរ​នោះមានដូចជា៖ Gwyneth Ho, Lester Shum, Tiffany Yuen និង Fergus Leung ដែល​សុទ្ធសឹង​ជា​អ្នក​រិះគន់​ទីក្រុង​ប៉េកាំង​មិន​សំចៃមាត់​។ ចំណែក​គណបក្ស​ស៊ីវិល​ដែលជា​បក្សនយោបាយ​ធំ​មួយ​របស់​ហុងកុង ប្រកាសថា សមាជិក​របស់ខ្លួន​បួន​នាក់ ក៏​មិនអាច​ឈរឈ្មោះ​បានដែរ​។

​សូមជម្រាបថា ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​ហុងកុង បាន​រង​ការរិះគន់​ខ្លាំង​ពី​អន្តរជាតិ​។ អង់គ្លេស បាន​ចេញមុខ​រិះគន់​ចំៗ​ចំពោះ​ការដក​សិទ្ធិ​សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​នេះ​។ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស Dominic Raab បាន​ថ្កោលទោស​ការសម្រេចចិត្តរ​បស់​ហុងកុង ដែល​ដកសិទ្ធិ​ឈរឈ្មោះ​ដោយ​ផ្អែកលើ​ទស្សនៈ​នយោបាយ​។ លោក​បានស្នើ​ឲ្យ​រដ្ឋាភិបាល​ហុងកុង​ប្រកាន់ខ្ជាប់​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​ប្រជាជន​ក្នុង​ទីក្រុង​មួយ​នេះ​។​

​ចំណែកឯសមាជិកសភា​មកពី​ប្រទេស​ច្រើន​ទៀត ចាត់ទុក​ការដក​សិទ្ធិ​នេះ​ជាការ​បង្អាក់​ដំណើរការ​ប្រជាធិបតេយ្យ​ផងដែរ​។ «​យើង​ទទូច​ឲ្យ​សហគមន៍​អន្តរជាតិ​ឆ្លើយតប​ការធ្លាក់ចុះ​សិទ្ធិ និង​សេរីភាព​ហុងកុង​។​» នេះ​ជា​សំណេរ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ក្រុម​សមាជិកសភា​ដែល​ដឹកនាំ​ដោយ​សមាជិក​ព្រឹទ្ធសភា​អាមេរិក Marco Rubio និង​អតីត​មេដឹកនាំ​បក្ស​អភិរក្ស​អង់គ្លេស Iain Duncan Smith ។ រីឯសមាជិកសភា​អឺរ៉ុប​វិញ ស្នើ​ឲ្យ​ដាក់ទណ្ឌកម្ម​លើ​លោក ការី ឡាំ ប្រមុខ​ទីក្រុង​ហុងកុង​។​

​នៅពេល​ប្រទេស​ជាច្រើន​រិះគន់ ក្រុងប៉េកាំង​បាន​សាទរ​។ ការិយាល័យ​ទំនាក់ទំនង​ប៉េកាំង បាន​សរសើរ​ការសម្រេច​ចិត្ត​ខាងលើ ព្រោះ​សកម្មជន​ទាំងនោះ មាន​ទស្សនៈ​នយោបាយ​ធ្លាក់​ដល់​ចំណុច​ក្រហម​ទៅហើយ​។ ការិយាល័យ​នេះ​បន្តថា ស្ថាប័ន​នីតិបញ្ញត្តិ​ហុងកុង មិនអាច​អនុញ្ញាត​ឲ្យ​អ្នក​ដែលមាន​ទោស ព្យាយាម​បំផ្លាញ​ប្រទេសមួយ ប្រព័ន្ធ​ពីរ ចូលក្នុង​សាលប្រជុំ​ឡើយ​។

​គួរបញ្ជាក់ថា សភា​ហុងកុង​មាន​សមាជិក​៧០​នាក់ ដោយ​៣៥​នាក់ ត្រូវ​បោះឆ្នោត​ជ្រើសរើស​ដោយផ្ទាល់ និង​៣៥​នាក់​ទៀត​ជ្រើសរើស​ដោយ​ស្ថាប័ន​តំណាង​ឧស្សាហកម្ម​របស់​ទីក្រុង ហើយ​ដែល​ភាគច្រើន​មាន​ទំនោរ​រក​ទៅ​ទីក្រុង​ប៉េកាំង​។ ក្រុម​សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ រំពឹង​យក​ការបោះឆ្នោត​ដើម្បី​ដណ្ដើម​ក​កៅអី​ទាំង​៣៥ ដើម្បី​ងាយស្រួល​តទល់​ជាមួយ​អ្នកនយោបាយ​ងាក​រក​ប៉េកាំង​៕ ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print