អង្គការ​ជនជាតិ​វី​ហ្គ័​រ​ពិភពលោក ស្នើ​សុំឲ្យគណៈកម្មកា​អូឡាំពិក​អន្តរជាតិ (IOC) បញ្ឈប់​ចិនក្នុងការធ្វើជាម្ចាស់ផ្ទះ​​ព្រឹត្តិការណ៍​អូឡាំពិក ឆ្នាំ២០២២ ខាងមុននេះ

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីអង្គការ​ជនជាតិ​វី​ហ្គ័​រ​ពិភពលោក បានចោទប្រកាន់រដ្ឋាភិបាលចិនថា បាន​រំលោភសិទ្ធិ និង​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​ទៅលើ​ប្រជាជន​វី​ហ្គ័​រ​នៅ​ស៊ីន​ជាំ​ង​នោះ ។ ស្រាប់តែថ្មីៗនេះ នៅថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ២០២០ អង្គការ​តំណាង​ជនជាតិភាគតិច​មូស្លីម​វី​ហ្គ័​រ បានស្នើ​គណៈកម្មកា​អូឡាំពិក​អន្តរជាតិ (IOC) ពិចារណា​ជាថ្មី ជុំវិញ​ក្នុង​ការផ្ដល់​សិទ្ធិ​ឲ្យ​ក្រុង​ប៉េកាំង​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងារ​ឆ្នាំ ២០២២​ ។

សម្រាប់ទិន្នន័យ​ពី​ក្រុម​ការពារ​សិទ្ធិមនុស្ស និង​អ្នកជំនាញ បង្ហាញថា មនុស្ស​ជាង​មួយ​លាន​នាក់​មាន​ជនជាតិ​វី​ហ្គ័​រ និង​ជនភាគតិច​ផ្សេងទៀតត្រូវ​ឃុំខ្លួន​នៅ​ជំរំ​ប្រឆាំង​គំនិត​ជ្រុលនិយម ខណៈ​ពីរលាន​នាក់​ទៀត​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរ​កែប្រែ​ដើម្បី​សិក្សា​ទ្រឹស្តី​នយោបាយ​។​

​ជុំវិញ​ការលើកឡើង​របស់​ក្រុម​សិទ្ធិមនុស្សនេះដែរ រដ្ឋាភិបាលចិន​ ក៏បាន​ទាត់ចោល​របាយការណ៍រ​បស់​អ្នកជំនាញ​ដែល​រកឃើញថា មានការ​ឃុំខ្លួន​មនុស្ស​មួយ​លាន​នាក់​នៅ​តំបន់​ស្វយ័ត​ស៊ីន​ជាំ​ង​។ ប៉ុន្តែបើទោះជា​ទាត់ចោល​របាយការណ៍​មែន តែ​មន្ត្រី​ចិន​ទទួលស្គាល់ថា មាន​មនុស្ស​ខ្លះ​ពិតជា​បាន​ឆ្លងកាត់​ជំរំ​កែប្រែ​ឡើងវិញ​មែន ព្រោះ​ពួកគេ​រង​ឥទ្ធិពល​ជ្រុលនិយម​។​

​សូមជម្រាបថា នៅក្នុង​លិខិត​ចំហ​មួយ​ដែល​ផ្ញើ​ទៅកាន់​លោក Thomas Bach ប្រធាន IOC សមាជ​វី​ហ្គ័​រ​ពិភពលោក (WUC) ដែលជា​អង្គការ​មាន​មូលដ្ឋាន​ទីក្រុង​មុយ​និ​ច ប្រទេស​អាល្លឺម៉ង់ ទាក់ទង​នឹង​ករណី​ខាងលើនេះ ពួកគេបាន​ចោទប្រកាន់រដ្ឋាភិបាល​ចិន​ ពីបទ​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ការធ្វើ​ទារុណកម្ម​ប្រឆាំងនឹង​ជនជាតិ​វី​ហ្គ័​រ និង​ជនភាគតិច Turk ដទៃទៀត​នៅក្នុង​ខេត្ត​ស៊ីន​ជាំ​ង​។​

​ដោយឡែក​ប្រធាន WUC លោក Dolkun Isa បានរៀបរាប់ក្នុងលិខិត​ដែលមាន​ចុះហត្ថលេខាថា​៖« យើង​មានការ​ខកចិត្ត​យ៉ាងខ្លាំង​ដែលIOC មិនបាន​ដោះស្រាយ​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​ចិន​ចាប់តាំងពី​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុង​ប៉េកាំង​ធ្វើ​ម្ចាស់ផ្ទះ​អូឡាំពិក​រដូវរងារ​ឆ្នាំ២០២២»​។​

​លោកប្រធាន WUC បាន​បន្ថែម​ក្នុង​លិខិត​នោះ​ទៀតថា ជាការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ដែល IOC ក្នុងនាម​ជា​ស្ថាប័ន​អន្តរជាតិ​មួយ និង​ថែមទាំង​មាន​ក្រមសីលធម៌​ដ៏​រឹងមាំ បែ​ជា​ខកខាន​មិន​ទទួលស្គាល់​ការរំលោភ​សិទ្ធិមនុស្សរ​បស់​ចិន​តាមរយៈ​ឧក្រិដ្ឋកម្ម​លើ​ជនជាតិ​វី​ហ្គ័​រ ក៏ដូចជា​នៅក្នុង​ប្រទេស​ចិន​។

​យ៉ាងណាក៏ដោយ បន្ទាប់ពី​មានការ​អះអាង​របស់ WUC ដូច្នេះ អ្នកនាំពាក្យ IOC បាន​ឆ្លើយតប​វិញ​ថា អង្គភាព​របស់ខ្លួន​មួយ​នេះ​នៅតែមាន​អព្យាក្រឹត​លើ​បញ្ហានយោបាយ​ពិភពលោក​។​

«​សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងារ​ក្នុង​ក្រុង​ប៉េកាំង ឆ្នាំ ២០២២ គណៈកម្មការ​វាយតម្លៃ IOC បាន​ពិភាក្សា​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ឯករាជ្យ​ទាក់ទង​នឹង​បញ្ហា​មួយចំនួន​រួមទាំង​សិទ្ធិមនុស្ស​រួចហើយ​»​។ នេះ​ជាការ​រៀបរាប់​បន្ថែមរ​បស់​អ្នកនាំពាក្យ​។​

​បច្ចុប្បន្នបក្សកុម្មុយនិស្ត​ចិន (CCP) ដែល​កំពុង​កាន់អំណាច​ក្នុងប្រទេស​ចិន​សព្វថ្ងៃ​បាន​រង​សម្ពាធ​កាន់តែខ្លាំង​ពី​អន្តរជាតិ​ជុំវិញ​បទ​ចោទ​ការបង្ក្រាប​ជនជាតិភាគតិច​មូស្លីម​វី​ហ្គ័​រ នៅ​តំបន់​ស្វយ័ត​ស៊ីន​ជាំ​ង​។​ ចំណែក​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងារ​ឆ្នាំ ២០២២ខាងមុខនេះ ដែល​គ្រោងធ្វើឡើង​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន នឹង​ចាប់ផ្តើម​ដំណើរការ​ប្រកួត​ផ្លូវការ ពីថ្ងៃ​ទី​៤ ដល់​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២២៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print