ភ្នំពេញ៖ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង ថ្លែងប្រាប់ តាមបណ្តាញសង្គម Telegram នៅល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នេះថា ក្រោយពីបានទទួលសំណុំរឿងពីសមត្ថកិច្ចនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ , លោកព្រះរាជអាជ្ញារង សេង ហៀង បានសាកសួរតាមនីតិវិធី និង បានសម្រេចចោទប្រកាន់ ឈ្មោះ រ៉ុង ឈុន ពីបទ ញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និង បានបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការតាមនីតិវិធី ។
លោក គុជ គឹមឡុង បន្តថា បើចៅក្រមស៊ើបសួរសម្រេចយ៉ាងណា នឹងជូនព័ត៌មានបន្តទៀត ។
សូមបញ្ជាក់ថា លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមេីលកម្ពុជា និង ជាប្រធានសហភាពសហជីពកម្ពុជា ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោយបានចេញសេចក្តីថ្លែងការណ៍មួយ ពាក់ព័ន្ធបញ្ហាព្រំដែន នៅខេត្តត្បូងឃ្មុំ ។
បញ្ហានេះ ខាងគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក៏បានចេញសេចក្តីថ្លែងការណ៍ រួចហេីយ ដេីម្បីអោយសាធារណជន បានដឹងអំពីដំណេីររឿងពិត កុំអោយមានការភ័ន្តច្រឡំ ៕
ដោយ៖ចេស្តា