អន្តរជាតិ៖ ក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ អាជ្ញាធរសុខាភិបាលឥណ្ឌា នៅថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២០នេះ បានរាយការណ៍ថា៖ ប្រទេសឥណ្ឌាបន្តរកឃើញចំនួនករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ ៥៧,១១៨ករណីបន្ថែម រួមទាំងអ្នកស្លាប់ថ្មីៗចំនួន ៧៦៤នាក់ផងដែរនៅទូទាំងប្រទេស។
បើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី០១ ខែសីហានេះថា នេះគឺជាតួលេខខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃសម្រាប់ករណីឆ្លងថ្មីៗ នៅក្នុងប្រទេស រហូតមកទល់ពេលនេះ។ ជាសរុបករណីឆ្លង នៅទូទាំងប្រទេសអាស៊ីខាងត្បូងមួយនេះ បានកើនដល់ជិត ១.៧លានករណី ដោយក្នុងនោះអ្នកជំងឺជាង ៣៦,៥០០នាក់ស្លាប់ និងជិត ១.១លាននាក់ទៀតបានជាសះស្បើយឡើងវិញ។
គួរបញ្ជាក់ថា មួយរយៈពេលកន្លងមកនេះ សន្ទុះនៃអត្រាអ្នកឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅប្រទេសឥណ្ឌា គឺមានការកើនឡើងជាលំដាប់ ហើយគ្មានសញ្ញាថា នឹងអាចថមថយនៅឡើយទេ ខណៈប្រទេសដែលមានចំនួនប្រជាជនប្រមាណ ១.៣ពាន់លាននាក់មួយនេះ កំពុងឈរនៅលំដាប់ថ្នាក់លេខ ៣ ក្នុងចំណោមបណ្តាប្រទេស ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេបំផុត នៅទូទាំងសកលលោកបន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល៕ដោយ៖ស តារា