ដូចរូបភាពដែលមិត្តអ្នកអានបានឃើញ គឺគំនរសំរាម មិនមែនត្រូវខ្យល់ប៉ើងដោយចៃដន្យ ប្រមូលផ្តុំនៅមុខកន្លែងចតរថយន្តតាមផ្លូវនៃចំណតរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញនោះទេ ប៉ុន្តែសំរាមនោះ ត្រូវគេយកមកចោលតែម្តង ។ យ៉ាងណាក៏ដោយ អ្វីដែលសំខាន់គឺមិនមានអ្នកណាមកប្រមូល ឬបោសសំរាមនៅទីនោះទេ ។ មិនដឹងថា តើវាជាការទទួលខុសត្រូវរបស់ខាងណានោះឡើយ? ក្រុមហ៊ុនស៊ីនទ្រី!
បើតាមខ្ញុំបាទមើលឃើញ បញ្ហាសំរាម នៅតែជាកង្វល់របស់ប្រជាពលរដ្ឋ។ ការប្រមូលសំរាមមិនទៀងទាត់ ។ អាជ្ញាធរស្តីបន្ទោសម្ចាស់លំនៅឋានក្នុងការមិនយកចិត្តទុកដាក់វេចខ្ចប់ប្រមូលសំរាម ចាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។ ប៉ុន្តែអាជ្ញាធរមិនស្តីបន្ទោសក្រុមហ៊ុនប្រមូលសំរាមយឺតយូរនោះទេ ។ មិនតែប៉ុណ្ណោះ ការបោសសំរាមនៅតាមផ្លូវ ក៏មិនបានម៉ត់ចត់ ឬស្អាតបាតនោះដែរ ។ ជាក់ស្តែងដូចរូបខាងលើនេះ ។
ក្នុងនាមខ្ញុំបាទប្រជាពលរដ្ឋម្នាក់មើលឃើញថា អ្វីដែលសំខាន់គឺត្រូវរួមចំណែកគ្រប់ចរន្តសង្គមដើម្បីទីក្រុងមួយគ្មានសំរាម ឬថង់ប្លាស្ទិកហើរ ។ លំនៅឋានប្រជាពលរដ្ឋមួយចំនួន អាងតែបង់លុយឲ្យក្រុមហ៊ុនរួចហើយ ទុកសំរាមឲ្យនៅហើរពាសវាលពាសកាល ។ ការដែលគ្រាន់តែប្រើខ្ញុំបម្រើឲ្យបោសសំរាមនៅមុខកន្លែងលក់របស់ខ្លួន ខ្ទប់ទុកដាក់ឲ្យបានត្រឹមត្រូវ រង់ចាំរថយន្តប្រមូលសំរាមមកយកទៅនោះ វាជាកិច្ចខិតខំរួមចំណែកមួយយ៉ាងសំខាន់ដើម្បីបរិស្ថានទីក្រុងដ៏ស្រស់ស្អាត ៕
ដោយ៖ ប្រជាពលរដ្ឋម្នាក់