ស្របពេលដែល Napoli ផ្តោតសំខាន់លើការប្រកួតក្របខ័ណ្ឌ Champions League របស់ពួកគេជាមួយ Barcelona ក្លិបអ៊ីតាលីមួយនេះបានប្រកាសជាផ្លូវការពីការចុះហត្ថលេខាទិញបានខ្សែប្រយុទ្ធ Victor Osimhen ពីក្លិប Lille ក្នុងតម្លៃប្រមាណជាង៥០លានផោន។
ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ារូបនេះបានមកដល់ប Lille នៅរដូវក្តៅកាលពីឆ្នាំ២០១៩ ដើម្បីជំនួសកីឡាករ Nicolas Pepe ហើយរកបាន១៣គ្រាប់ក្នុងការបង្ហាញខ្លួន២៧ប្រកួត។
សេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្លិបបាននិយាយថា Napoli បានទទួលការចុះឈ្មោះកីឡារបស់កីឡាករ Victor Osimhen ពីក្លិប Lille ជាអចិន្ត្រៃយ៍។ តម្លៃផ្លូវការនៃកិច្ចព្រមព្រៀងនេះមិនត្រូវបានប្រកាសដោយក្លិបអ៊ីតាលីមួយនេះនោះទេទោះបីជាប្រភពសារព័ត៌មានអ៊ីតាលីជឿជាក់ថា ការផ្ទេរនេះមានតម្លៃជិត៥០លានអឺរ៉ូក៏ដោយ។
ប្រសិនបើតួលេខទាំងនេះត្រូវបានបញ្ជាក់នោះកីឡាកររូបនេះនឹងមានតម្លៃលើស Hirving Lozano ដែលបានចុះហត្ថលេខាក្នុងតម្លៃ៤២លានអឺរ៉ូពីក្លិប PSV Eindhoven ដែលជាការផ្ទេរកំណត់ត្រារបស់ក្លិប ។
កិច្ចសន្យារបស់គាត់នឹងចូលជាធរមាននៅមុនរដូវកាល២០២០-២០២១ ដូច្នេះនឹងមិនអាចបង្ហាញខ្លួនពេលប៉ះជាមួយ Barcelona នៅក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅថ្ងៃទី៨ ខែសីហាខាងមុខនេះទេ ៕
ដោយ៖ ភារៈ