Arsenal លើកពាន FA Cup ជាលើកទី១៤ ក្រោយឈ្នះChelsea ២-១

ចែករំលែក៖

ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះក្រុមតោខៀវ Chelsea ក្នុងលទ្ធផល ២ទល់១ ក្នុងការប្រកួតដណ្តើមពានរង្វាន់ FA Cup វគ្គផ្តាច់ព្រ័ត្រកាលពីយប់មិញ ដែលធ្វើឲ្យក្រុមមួយនេះឈ្នះ ពាន FA Cup ច្រើនជាងក្លិបណាៗទាំងអស់នៅអង់គ្លេស។

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្រុម Arsenal ធ្វើបានល្អនៅក្នុងការប្រកួតនៅឯកីឡដ្ឋាន Wembley កាលពីយប់មិញ ដោយរកបាន២គ្រាប់ម្នាក់ឯង ដែលជាជ័យជម្នះយ៉ាងធំធេងជាមួយក្រុម Arsenal។ កីឡាករសញ្ជាតិហ្គាបុងរូបនេះរកគ្រាប់បាល់បាន នៅនាទីទី២៨ ដោយបាល់ពិន័យ១១ម៉ែត្រ និង១គ្រាប់ទៀតរកបាននៅនាទីទី៦៧ តាមការបញ្ជូនឲ្យយ៉ាងល្អពីកីឡាករ Pepe។ ចំណែក១គ្រាប់របស់ក្រុមតោខៀវ Chelsea វិញរកបានដោយកីឡាករ Christian Pulisic តាំងពីនាទីទី៥ម្ល៉េះ ប៉ុន្តែអ្វីៗប្រែប្រួលដោយឱកាសរបស់ ក្រុមកាំភ្លើងធំមានច្រើនសម្រាប់តង់ទី២រហូតរកគ្រាប់បាល់នាំមុខវិញតែម្តង។

ការប្រកួតក្របខ័ណ្ឌ FA Cup តាំងពីវគ្គជម្រុះរហូតដល់វគ្គផ្តាច់ព្រ័ត្រនេះ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang តែងតែរកគ្រាប់បាល់បានជានិច្ច ដូចជាកាលពីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមមេឃខៀវ Man City កីឡាកររូបនេះក៏ជាបុគ្គលសំខាន់ក្នុងការរកគ្រាប់បាល់ជ័យជម្នះឡើងវគ្គផ្តាច់ព្រ័ត្រផងដែរ។ បច្ចុប្បន្នលោក Mikel Arteta គ្រូបង្វឹកក្រុមArsenal នៅតែចង់បន្តកុងត្រារយៈពេលវែងទៅលើកីឡាករ Aubameyang ដើម្បីឲ្យរូបគេបន្តស្នាក់នៅក្នុងក្លិបបន្តទៀត ។

សូមបញ្ជាក់ថា Arsenal មិនមានកៅអីក្របខ័ណ្ឌ Europa League នៅរដូវកាលក្រោយទេ ប៉ុន្តែវាជាការខកចិត្តយ៉ាងខ្លាំងសម្រាប់លោក Frank Lampard អ្នកចាត់ការទូទៅរបស់ក្រុមតោខៀវ Chelsea នៅពេលបញ្ចប់រដូវកាលដំបូងរបស់លោកដោយមិនដណ្តើមបានពានមួយសោះ។ ក្រុមកាំភ្លើងធំលើកពានFA Cup នេះនឹងត្រូវទៅប្រជែងដណ្តើមពានរង្វាន់ Community Shield នៅខែពាក់កណ្តាលខែសីហាខាងមុខ ហើយពានរង្វាន់ FA Cup ដែលArsenal ទទួលបាននេះគឺជាលើកទី១៤ ដែលមិនទាន់មានក្លិបណាឈ្នះលើសក្រុមនេះនៅឡើយទេ រហូតមកដល់ពេលនេះ ខណៈដែលក្រុមChelsea ធ្លាប់ឈ្នះពានរង្វាន់ FA Cup ចំនួន៨ដង ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print