ប្រវត្តិសង្ខេប «គុកទួលស្លែង»

ចែករំលែក៖

ភ្នំពេញ៖ បច្ចុប្បន្នមានឈ្មោះផ្លូវការ «សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង»។ ខ្ញុំចែករំលែកតាមការស្រាវជ្រាវរបស់ខ្ញុំរយៈពេល៦ឆ្នាំ អំពីឧក្រិដ្ឋកម្មខ្មែរក្រហម ដោយសង្ខេប ដូចតទៅ៖
• គុកទួលស្លែង ក្នុងរបប ប៉ុល ពត មានឈ្មោះសម្ងាត់ថា «ស-២១» គឺជា«មន្ទីរសន្តិបាលមជ្ឈឹម» របស់ ប៉ុល ពត។ ស-២១ ដំណើរការដំបូងនៅ PJ ជិតផ្សារថ្មី។ ហើយពេលនោះ ឌុច មិនទាន់ធ្វើជាប្រធានគុកនេះទេ។ ប្រធានគុក ស-២១ គឺស្ថិតក្រោមការគ្រប់គ្រងរបស់ កងពិសេស មានប្រធានកងពលឈ្មោះ ណាត ជាអ្នកព្រែកអំបិល ខេត្តកណ្តាល, ឈ្មោះ ហ៊ ជាអនុប្រធាន មកពីខេត្តកណ្តាលដែរ។ ហ៊ ស្លាប់នៅក្នុងឆ្នាំ១៩៧៩ ពេលរត់ចេញពីភ្នំពេញទៅព្រំដែនថៃ។ អាស្រ័យដោយចំនួនអ្នកទោសកើនឡើង នៅអំឡុងខែតុលា ឆ្នាំ១៩៧៥ អង្គការសម្រេចដូរទីតាំងគុក ដោយប្រែក្លាយសាលារៀនទួលស្លែងជាគុកវិញ ដោយមាន ឌុច ជាប្រធាន ហើយ ហ៊ ជាអនុប្រធានទទួលផែនចាប់ចង និង ម៉ម ណៃ ហៅ ចាន់ ផ្នែករដ្ឋបាល។ ណាត ត្រូវបានតម្លើងតួនាទីទៅកាន់សេនាធិការកងទ័ព ហើយក្រោយមកទៀត ផ្លាស់ទៅនៅក្រសួងការបរទេសជាមួយ អៀង សារី។ ណាត ក្រោយត្រឡប់ពីចូលរួមកិច្ចប្រជុំសន្និបាតអង្គការសហប្រជាជាតិ នៅញូវយ៉ក សហរដ្ឋអាមេរិក ក៏ត្រូវបានចាប់ខ្លួន ក្នុងខែធ្នូ ឆ្នាំ១៩៧៨ បញ្ជូនមកទួលស្លែង និងសម្លាប់ចោល គឺ១ខែមុនការដួលរំលំនៃរបប ប៉ុល ពត។ ទួលស្លែងជាកន្លែងឃុំឃាំងអ្នកទោស។ ផ្ទះនៅជុំវិញគឺ ប្រើប្រាស់ជាកន្លែងសួរចម្លើយ និងការស្នាក់នៅរបស់កម្មាភិបាល។ ជើងឯក ជាកន្លែងសម្លាប់។ មានអ្នកទោសខ្លះ ទ្រាំការឈឺចាប់នឹងទារុណកម្មដ៏ព្រៃផ្សៃមិនបាន ក៏លោតពីលើអគារទួលស្លែងសម្លាប់ខ្លួន។ នៅក្បែរៗអគារក៏មានកប់មនុស្សស្លាប់ដែរ។
• រចនាសម្ព័ន្ធទទួលខុសត្រូវនៅ ស-២១ គុកទួលស្លែង៖ ឌុច ជាអ្នកមើលការខុសត្រូវទូទៅ និងសម្រេចកិច្ចការផ្ទាល់នៅទីនេះ។ ឌុច មានជំនាញខាងវិភាគចម្លើយ ដែលមានភាពប្រទាក់ក្រឡាគ្នា ហើយស្នើយោបល់ទៅថ្នាក់លើ ដើម្បីស្រាវជ្រាវចាប់មនុស្សបន្ថែម ឬសុំយោបល់សម្រេចយកអ្នកទោសទៅកម្ទេចចោល «សម្លាប់»។ ឌុច សុំយោបល់ទៅមនុស្ស២នាក់សំខាន់គឺ សុន សេន ហៅ «បងខៀវ» ជារដ្ឋមន្ត្រីសន្តិសុខនិងការពារជាតិ ដែលទទួលពីលើផ្ទាល់ និងសុំយោបល់ទៅ ប៉ុល ពត ហៅ «អង្គការ, បងទី១, បងប៉ុល, ឬបង៨១»។ នៅលើឯកសារចម្លើយសារភាព ឌុច ច្រើនប្រើប៊ិចពណ៌បៃតង ហើយ ប៉ុល ពត ប្រើប៊ិចហ្វឺតធំ ស្មើប៊ិចសរសេរលើក្តាខៀន ចារលើឯកសារ។ ក្នុងឆ្នាំ១៩៧៧ ប្រហែលដោយសារ សុន សេន ត្រូវបានចាត់តាំងឲ្យទៅសមរភូមិនៅព្រំដែន នួន ជា បានទទួលជួយពិនិត្យឯកសារចម្លើយសារភាព កម្មាភិបាលជាន់ខ្ពស់ដែលត្រូវបានចាប់មក ស-២១។ ចុងឆ្នាំ១៩៧៧ ប៉ុល ពត សម្រេចឲ្យចាប់កម្មាភិបាលធំៗជាច្រើនដោយសង្ស័យថា ក្បត់បដិវត្តន៍។ យោងតាមឯកសារ សូម្បី សុន សេន ជារដ្ឋមន្ត្រីការពារជាតិ ក៏មានតម្រុយត្រូវចាប់ខ្លួនដែរ ដោយសង្ស័យថា ធ្វើឲ្យសមរភូមិជាច្រើនចាញ់។ ដោយសារចាញ់នៅថ្ងៃ៧ មករា ១៩៧៩ សុន សេន បានបន្តរស់។ រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៩៧ សុន សេន និងក្រុមគ្រួសារត្រូវ ប៉ុល ពត បញ្ជាឲ្យសម្លាប់ចោលនៅអន្លង់វែង ដោយសង្ស័យថាក្បត់។
• ទួលស្លែង ជាកន្លែងនរកលោកីយ៍ ហើយជាកន្លែងឈឺចាប់ពិតរបស់កម្ពុជា។ បណ្ណសារសារមន្ទីរទួលស្លែង ត្រូវបានដាក់ក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩។ ក្នុងរបប ប៉ុល ពត មនុស្សស្លាប់៣លាននាក់ ហើយមរតក ប៉ុល ពត បន្តឲ្យមានសង្គ្រាមស៊ីវិល សង្គមខ្ទេចខ្ទាំ ក្មេងកំព្រា ស្ត្រីមេម៉ាយ ពិការភាព គ្រាប់មីន ភាពរបួសផ្លូវចិត្ត និងការឈឺចាប់…។ ផ្នែកមួយនៃការសម្លាប់មនុស្សក្នុងរបប ប៉ុល ពត បានកើតចេញពីកំហុសនយោបាយ និងក៏ផ្នែកមួយនៃមនោគមន៍វិជ្ជាខាងក្នុង គឺកំហឹងវណ្ណៈ ដែលបង្កើតឲ្យមានការគុំគួន សងសឹក ព្រមទាំងមនោគមន៍វិជ្ជាពីខាងក្រៅ នៃភូមិសាស្ត្រ នយោបាយផងដែរ។ វិចារណញ្ញាណរបស់ខ្ញុំ ដែលមិនអាចទទួលយកបាន ពេលចូលមកមើលទួលស្លែង គឺនៅពេលឃើញរូបថតកុមារតូចៗ ត្រូវបានចាប់យកមកសម្លាប់ជាមួយឪពុកម្តាយ ដែលគ្នាមិនដឹងអ្វីសោះឡើយ។ «៧ មករា» រំដោះជាតិខេមរា បានរស់ឡើងវិញ គឺមានអត្ថន័យរំលឹកយើងជាប្រចាំថា៖ កំហុសរបស់ ប៉ុល ពត គឺគ្រប់គ្រាន់សម្រាប់កម្ពុជា ដែលត្រូវរួមគ្នាទប់ស្កាត់កុំឲ្យកើតឡើងជាថ្មី មកជំនួសតម្លៃ «សន្តិភាព»

...

ដោយ៖ ហ៊ុយ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print