លោកស្រី ម៉ែន សំអន បានផ្តល់អនុសាសន៍៥យ៉ាង និងអំពាវនាវឱ្យពលរដ្ឋអនុវត្តគម្លាតសង្គម ដើម្បីប្រឆាំងកូវីដ១៩

ចែករំលែក៖

ខេត្តស្វាយរៀង៖ សូមប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ពិសេសអនុវត្តគម្លាតសង្គម ដើម្បីប្រឆាំងកូវីដ១៩។ នេះជាប្រសាសន៍ លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន តំណាងរាស្ត្មណ្ឌលស្វាយរៀង បានអំពាវនាវដល់ជនរួមជាតិ។

លោកស្រីថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៣០គ្រួសារ នៅក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នារសៀលថ្ងៃទី០១ ខែ សីហា ឆ្នាំ២០២០។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តស្វាយរៀង ដោយសម្តេចទាំងទ្វេរតែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទាំងប្រទេសជាធំ។

លោកស្រីក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺដ៏កាចសាហាវមួយនេះ។

«ថ្វីត្បិតតែប្រទេសកម្ពុជា យេីងមិនទាន់មានការឆ្លងរាលដាលតាមសហគមន៍ ប៉ុន្តែតាមការវាយតំលៃកំរិតហានិភ័យរបស់ អង្គការសុខភាពពិភពលោក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ថាប្រទេស កម្ពុជា អាចមានលទ្ធភាពឆ្លងក្នុងសហគមន៍បេីសិនជាយេីងទាំងអស់គ្នាមិនប្រុងប្រយ័ត្ន និងមិនអនុវត្តតាមវិធានការសុខាភិបាល»។ លោកស្រី គូសបញ្ជាក់។

លោកស្រីកិត្តិសង្គហបណ្ឌិត បានផ្តល់អនុសាសន៍សំខាន់ៗដូចជា៖

ទី១-បន្តពង្រឹងត្រួតពិនិត្យសុខភាពអ្នកដំណេីរគ្រប់រូបដែល ចូល មក តាម មាត់ ច្រក ព្រំដែន ដោយមិនត្រូវមានការលេីកលែងឡេីយ។
ទី២- បន្តពង្រឹងការពិនិត្យតាមដានអ្នកត្រូវធ្វេីចត្តាឡីស័ក ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរដែនដី រយ:ពេល១៤ថ្ងៃ។
ទី៣-ពង្រឹងអប់រំប្រជាពលរដ្ឋក្នុងការអនុវត្តន៍ អនាម័យ គម្លាតសង្គម គម្លាតបុគ្គល។
ទី៤-ពង្រឹងប្រព័ន្ធតាមដានជំងឺក្នុងស្រុកនិងក្រុមឆ្លេីយតបបន្ទាន់។
និងទី៥-ត្រូវមានកំលាំងសមត្ថកិច្ចតាមដានត្រួតពិនិត្យការជួបជុំ ជាពិសេសក្នុងកំឡុងពេលឈប់សំរាកសងថ្ងៃចូលឆ្នាំខ្មែរនាពេលខាងមុខ។

នាឱកាសនោះលោកស្រីកិត្តិសង្គហបណ្ឌិត បាននាំអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រដោយក្នុងមួយគ្រួសារទទួលបាន មុង ១ កន្ទេល ១ សារុង ១ ក្រមា ១ ស្ករស ១គីឡូ ទឹកដោះគោខាប់ ២កំប៉ុង អង្ករ ២៥គីឡូក្រាម ត្រី ខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ មី ១កេស ម៉ាស់ ១០ អាល់កុលលាងដៃ ១ដប សាប៊ូ ប្រូធិច ២ដុំ និងថវិកា មួយចំនួន៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print