ភ្នំពេញ៖ លើពិភពលោកយើងនេះគ្មានកាសែតណាមួយដែលឯករាជ្យ១០០%នោះទេ.. ហើយក៏មិនមានអ្នកសារព័ត៌មានណាដើរហួសបន្ទាត់និពន្ធនាយកដែរ។ នេះជាប្រសាសន៍របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងនៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ នៅក្នុងឱកាសដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិការពិភាក្សាវាយតម្លៃសកម្មភាព ស្ដីពីសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារបន្ដឆ្នាំ២០២០ របស់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។
លោករដ្ឋមន្ត្រី បានកោតសរសើរចំពោះការរៀបចំសន្និសីទរបស់ អង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល ដែលធ្វើឲ្យកាន់តែខិតជិតគ្នារវាងអ្នកសារព័ត៌មាន និងមន្ត្រីរាជរដ្ឋាភិបាល ដែលធ្វើឱ្យមន្ត្រីរាជរដ្ឋាភិបាល អាចយល់ច្បាស់ពីកិច្ចការរបស់សារព័ត៌មានហើយសារព័ត៌មានក៌មានការយល់យោគចំពោះមន្ត្រីរាជរដ្ឋាភិបាល ដើម្បីបម្រើមហាជន។ ពិសេសលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងអំពីការផ្ដល់ជូនមេធាវីរបស់សម្ដេចតេជោ ក្នុងការជួយដល់អ្នកសារព័ត៌មានដែលបំពេញការងារប្រកបដោយវិជ្ជាជីវៈ ហើយមានការប្ដឹងផ្ដល់នៅតុលាការ។ ទោះជាយ៉ាងនេះក្តី លោករដ្ឋមន្ត្រីបញ្ជាក់ថា ការងារនេះនឹងមិនជួយអ្នកសារព័ត៌មានដែលជំរិតទារប្រាក់ពីអ្នកដទៃ តែក្នុងករណីខ្លះអ្នកសារព័ត៌មានមានទោសកំហុស យើងក៏ជួយសម្រួលទោសកំហុសរបស់គាត់តាមដែលអាចធ្វើបាន។
ក្នុងសន្និសីទសារព័ត៌មាន លោករដ្ឋមន្ត្រី បានសំណូមពរដល់មន្ត្រីក៏ដូចជាសាធារណជន កុំឱ្យគិតថា អ្នកសរសេរអត្ថបទអវិជ្ជមានជាអ្នកប្រឆាំងទាំងអស់ ហើយក៏កុំឲ្យគិតថាអ្នកសារព័ត៌មានថា មានទោសអ្នកកាសែតសុទ្ធតែរងគ្រោះទាំងអស់នោះទេ។ លោកបានណែនាំដល់អ្នកនាំពាក្យទាំងអស់ឲ្យមានស្មារតីប្រុងប្រយ័ត្នហើយត្រូវកុំខឹងនៅពេលដែលអ្នកសារព័ត៌មានសួរសំណួរ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ជាជំហររបស់ក្រសួងព័ត៌មាន នឹងមិនប្ដឹង Fake News នោះទេ។ Fake News បានចាក់ក្រឡេកមន្ត្រីរាជរដ្ឋាភិបាល មន្ត្រីមន្ទីរតាមបណ្ដាខេត្ត កុំឲ្យដេកលង់លក់ដោយត្រូវធ្វើការបំភ្លឺ ហើយយើងមិនអាចទៅយកអ្នកសរសេរ Fake News ទាំងអស់យកទៅដាក់គុកបានទេ។
សូមរម្លឹកថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបជាមួយអ្នកសារព័ត៌មាន ក្នុង១ឆ្នាំម្តងបាន ផ្តល់ជាអនុសាសន៍ក្រើនរំលឹកដល់អ្នកកាសែតជាពាក្យស្លោកថា៖ «អ្នកកាសែតកុំបំពានអ្នកដទៃ កុំបំភ្លៃការពិត»៕
ដោយ៖ សិលា