ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ទើបសម្រេចគោលការណ៍ថ្មី ដោយសម្រេចបន្ថយចំនួនប្រាក់តម្កល់សម្រាប់ជនបរទេសដែលចូលមកកម្ពុជា ដែលធ្លាប់តែអនុវត្តន៍ចំនួន៣ពាន់ដុល្លារក្នុងម្នាក់ ត្រូវបានសម្រួលថ្មីត្រឹមតែ២ពាន់ដុល្លារក្នុងម្នាក់វិញ ក្រៅពីបន្ថយចំនួនប្រាក់តម្កល់នេះ ក៏មានការសម្រួលនូវលក្ខខណ្ឌមួយចំនួនទៀតផងដែរ ក្នុងបំណងបង្កលក្ខណៈកាន់តែងាយស្រួលជាងមុន។
លោកស្រីបានបញ្ជាក់ថា «ចំពោះពាក់ព័ន្ធនឹងការតម្កល់ថវិកាវិញ សម្រាប់ជនបរទេស គឺបានកែប្រែដោយតម្កល់ត្រឹមតែ២ពាន់ដុល្លារប៉ុណ្ណោះ ហើយរាល់អ្នកដែលជា វិនិយោគិន-ធុរជន, បុគ្គលិកក្រុមហ៊ុន ដែលបានចុះបញ្ជីនៅកម្ពុជា អាចកក់សណ្ឋាគារពីប្រទេសគាត់ផ្ទាល់តែម្ដង ដែលយើងបានរៀបចំប្រព័ន្ធនេះរួចជាស្រេចហើយ។ ជាងនេះទៅទៀត សម្រួលទីតាំងធ្វើតេស្ដពិសេសថែមជូនទៀតផង ដើម្បីឱ្យមានភាពឆាប់រហ័ស»។
លោកស្រី យក់ សម្បត្តិ មានអ្នកដំណើរពីក្រៅប្រទេសចំនួនជាង៣ម៉ឺននាក់ហើយ ដែលបានត្រឡប់ចូលមកកម្ពុជា គិតចាប់ពីអនុញ្ញាតឱ្យជនបរទេសមកពីប្រទេសចំនួន៦ ដែលហាមចូលកន្លងមក អាចចូលមកកាន់ប្រទេសកម្ពុជាធម្មតាវិញ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។
លោកស្រីបន្តថា៖ គិតចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០៣ ខែសីហាម្សិលមិញនេះ អ្នកដំណើរមកពីក្រៅប្រទេស ចំនួនជាង៣ម៉ឺននាក់ ហើយវិជ្ជមានកូវីដ១៩ ចំនួន១១៧នាក់។
លើសពីនោះ ដើម្បីសុវត្ថិភាព គឺរាល់អ្នកដំណើរចូលមកកម្ពុជា ត្រូវតែបង្ហាញបណ្ណសុខភាពថាគ្មានកូវីដ១៩ លើកលែងតែពលរដ្ឋកម្ពុជា ហើយត្រូវតែធ្វើតេស្ដទាំងអស់គ្នាបន្ថែមទៀត ដើម្បីប្រាកដប្រជា។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្ដិ បានថ្លែងបញ្ជាក់ទៀតថា មន្ដ្រីសុខាភិបាល និងមន្ដ្រីអាធរពាក់ព័ន្ធ នឹងបន្ដខិតខំប្រឹង ប្រែងបន្ថែមទៀត ក្នុងការការពារ ទប់ស្កាត់ ការឆ្លងរាតត្បាតជំងឺកូវីដ១៩នេះ ចូលទៅក្នុងសហគមន៍។ ទន្ទឹមនឹងនោះ ក៏ត្រូវការមានការចូលរួមពីប្រជាពលរដ្ឋផងដែរ ពិសេស អ្នកកំពុងស្ថិតនៅចត្ដាឡីស័កតែម្ដង ដើម្បីជាសុវត្ថិភាពដល់ក្រុមគ្រួសាររបស់ខ្លួន និងពលរដ្ឋរបស់យើង។
សូមជម្រាបថា៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសជូនព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០១នាក់ លើមន្ត្រីជាន់ខ្ពស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ខណៈជំងឺកូវីដ១៩ ចំនួន០៣នាក់ថ្មីទៀត ត្រូវបានព្យាបាលជាសះស្បើយ។
សម្រាប់ករណីជាសះស្បើយ០៣នាក់វិញមានបុរសជនជាតិខ្មែរ០២នាក់ និងបុរសជនជាតិអាមេរិកកាំងជាមន្ត្រីទូតអាមេរិកម្នាក់ ក្នុងនោះរួមមាន៖
ទី១៖ បុរសអាយុ២៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ទី ២៖ បុរសអាយុ ២៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប
ទី៣៖ បុរសជនជាតិអាមេរិកកាំង ជាមន្ត្រីការទូតជាន់ខ្ពស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាន់វីសាប្រភេទ A មានអាស័យដ្ឋានស្នាក់នៅ ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា រាជធានីភ្នំពេញ។ បុរសរូបនេះបាន ធ្វើដំណើរពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងមកកម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង ដែលគ្រប់គ្រង និងរាយ ការណ៍ដោយស្ថានទូតអាមេរិកប្រចាំកម្ពុជា។
សូមរំលឹកថា៖ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ៕
ដោយ៖ សិលា