អាមេរិក៖ តាមតួលេខរបស់មហាវិទ្យាល័យ Johns Hopkinsបានប្រកាសនៅថ្ងៃទី៥ខែសីហាថា ៖ អាមេរិក មានអ្នកស្លាប់ដោយកូវីដ១៩បន្តកើនឡើង ដោយក្នុងរយៈពេល២៤ម៉ោង មានអ្នកស្លាប់ដោយកូវីដ១៩ ដល់ទៅ១៣០២នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់នៅអាមេរិកកើនឡើងដល់ទៅ156.668 នាក់ ។ ចំណែកអ្នកឆ្លងវិញក្នុងរយៈពេល២៤ម៉ោង មានអ្នកឆ្លង 53.847 នាក់ ធ្វើឲ្យអ្នកឆ្លងសរុបជាង៤,៧លាននាក់។
ជាមួយគ្នានេះដែរ ប្រធានាធិបតីដូណាលត្រាំ ទំនុកចិត្តក្នុងការគ្រប់គ្រងស្ថានភាពនៃការឆ្លងរាលដាលបានល្អ។ លោកត្រាំបានប្រកាសថាមានសញ្ញាជាច្រើន បង្ហាញថាយើងគ្រប់គ្រងបានស្ថានភាពនៃការឆ្លង បើទោះបីមានអ្នកឆ្លងកើនឡើងខ្ពស់រយៈពេលចុងក្រោយនេះ។
ជាមួយគ្នានេះ មានរដ្ឋរាប់សិបនៅអាមេរិក បានសម្រេចផ្អាកបើកទ្វារដំណើរការសេដ្ឋកិច្ច។ អភិបាលរដ្ឋ Louisiana លោកJohn Bel Edwards បានប្រកាសថានឹងពន្យាពេលបើកទ្វារសេដ្ឋកិច្ចក្នុងរយៈពេលសប្តាហ៍ ដើម្បីគ្រប់គ្រងការឆ្លងរាលដាលកូវីដ១៩។
គិតមកដល់វេលាម៉ោង៣និង៣០នាទីថ្ងៃទី៥ខែសីហា ឆ្នាំ២០២០ តាមគេហទំព័រ Worldometer ចំនួនអ្នកឆ្លងកូវីដ១៩ នៅទូទាំងពិភពលោកកើនឡើងដល់18,720,473នាក់ ស្លាប់704,643នាក់ និងជាសះស្បើយ11,936,417នាក់៕
ដោយ៖ ធី រីណា