ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងប្រាប់ប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ សពស្ត្រីខ្មែរម្នាក់ដែលបានស្លាប់ដោយសារការបាញ់ប្រហារគ្នា នៅរាជធានីបាងកក ប្រទេសថៃ នឹងត្រូវបញ្ជូនមកមាតុប្រទេសវិញ នៅយប់ថ្ងៃទី០៥ ខែសីហាឆ្នាំ២០២០នេះ។
លោក កុយ គួង បានបញ្ជាក់ទៀតថា៖ មន្ត្រីពីររូបនៃស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានជូនដំណើរការដឹកសពមកកម្ពុជាដែលអាចមកដល់ច្រកព្រំដែនប៉ោយប៉ែត វេលាម៉ោងជិត ៨យប់ថ្ងៃទី០៥ ខែសីហានេះ។
គួររំលឹកថា ករណីប្រព្រឹត្តអំពើហិង្សាបាញ់ប្រហារនៅក្នុងកាស៊ីណូមួយកន្លែងនៅប្រទេសថៃ ដែលបណ្តាលឲ្យមនុស្សស្លាប់ចំនួន០៤នាក់ក្នុងនោះមានជនជាតិខ្មែរ០១នាក់ផងដែរ ហើយករណីនេះបានកើតឡើងកាលពីវេលាម៉ោង២២និង០០នាទីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នៅក្នុងអាគារពាណិជ្ជកម្មព្រះរ៉ាម៣ ស្ថិតនៅផ្លូវលេខ៦៦ ខណ្ឌធុងមហាមេឃ ក្រុងបាងកក ប្រទេសថៃ។
បើតាមប្រភពព័ត៍មាន បានបញ្ជាក់ឲ្យដឹងពីកន្លែងកើតហេតុថា ជនរងគ្រោះដែលបានស្លាប់រួមមាន៖ ជនជាតិថៃចំនួន០៣នាក់/ស្រី០១នាក់ និងស្រ្តីជនជាតិខ្មែរម្នាក់ មានឈ្មោះ ម៉ៅ ស្រីពៅ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាបុគ្គលិកបំរើការនៅកាស៊ីណូនោះ។
គួរបញ្ជាក់ផងដែរថា ក្រោយធ្វើការបាញ់ប្រហាររួច ខ្មាន់កាំភ្លើងបានរត់ទៅលាក់ខ្លួននៅក្នុងបន្ទប់ទឹកក្នុងកាស៊ីណូ និងត្រូវបានសន្តិសុខដែលមានភារកិច្ចនៅកាស៊ីណូនោះបាញ់ស្លាប់ផងដែរ។ ចំណែកឯសន្តិសុខដែលបានបាញ់សម្លាប់ខ្មាំន់កាំភ្លើងនោះរួច ក៏បានរត់គេចខ្លួនបាត់ស្រមោលផងដែរ ៕ដោយ៖ស តារា