វៀតណាម រកឃើញករណី​ឆ្លង COVID-19 ថ្មី​ចំនួន ៤៥​ករណី​បន្ថែមទៀត​ ​ភាគច្រើន​ពាក់ព័ន្ធ​ការឆ្លង​នៅ​ក្រុងដា​ណា​ង​​

ចែករំលែក៖

​អន្តរជាតិ៖ បើតាម​អះអាង​របស់​រដ្ឋមន្ត្រី​សុខាភិបាល​វៀតណាម បាន​រាយការណ៍​ពី​ករណី​ឆ្លង COVID-19 ថ្មី​ចំនួន ៤៥​ករណី​បន្ថែមទៀត​ដែល​ភាគច្រើន​ជា​ករណី​ពាក់ព័ន្ធ​ការឆ្លង​នៅក្នុងទីក្រុង​ដា​ណា​ង​ ដោយករណី​ឆ្លង​នេះ បាន​រាតត្បាត​ទៅ​ខេត្ត-​ក្រុង​យ៉ាងតិច ចំនួន១០ ​។​

​​រដ្ឋមន្ត្រី​សុខាភិបាល​វៀតណាម បានអះអាង​នៅ​ថ្ងៃទី​៥ ខែសីហា ម្សិលមិញថា COVID-19 បាន​រាតត្បាត​ទៅ​ខេត្ត  Bac Giang ក្បែរ​ទីក្រុង​ហូជីមិញ និង​ខេត្ត​ភាគ​ខាងជើង ជាប់​ព្រំដែន​ចិន​។ យ៉ាងហោចណាស់ ខេត្ត​ក្រុង​របស់​វៀតណាម​ចំនួន​១០ មាន​ករណី​ឆ្លង COVID-19 ទាក់ទង​នឹង​ទីក្រុង​ដា​ណា​ង​។

សូមជម្រាបថា ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ទាំង​៤៥ ដែល​ប្រកាស​នៅ​ថ្ងៃទី​ល្ងាច​ថ្ងៃទី​៥ និង​ព្រឹក​ថ្ងៃទី​៦ មាន​៤៤​ករណី​ទាក់ទង​នឹង​ករណី​ឆ្លង​នៅ​ទីក្រុង​ដា​ណា​ង និង​១​ករណី​ជា​ករណី​ឆ្លង​មកពី​បរទេស​។ ករណី​ឆ្លង​ថ្មី​នេះ ត្រូវបាន​គេ​រកឃើញ​នៅក្នុង ទីក្រុង​ហូជីមិញ ខេត្ត Quang Nam ទីក្រុង​ដា​ណា​ង និង​ទីក្រុង ខេត្ត​ផ្សេងទៀត​។ រហូតមកទល់ពេលនេះ អាជ្ញាធរ មិនទាន់​អាច​វាយតម្លៃ​បានទេ ថា​តើ​ប្រភព​ឆ្លង​COVID-19 ដំបូង​មកពីណា ប៉ុន្តែ​គេ​ដឹង​ត្រឹមតែ​ថា ករណី​ឆ្លង​ដំបូង គឺមាន​ទាក់ទង​នឹង​មន្ទីរពេទ្យ​បី​កន្លែង​ក្នុង​ទីក្រុង​ដា​ណា​ង​។

គួរបញ្ជាក់ថា ​បើទោះបីជា ករណី​ឆ្លង COVID-19 នៅតែ​បន្ត​កើនឡើង​ក៏ដោយ ប៉ុន្តែ​គណៈកម្មាធិការ​គ្រប់គ្រង​COVID-19 របស់​រដ្ឋាភិបាល​វៀត​ណា​ម បាន​អះអាងថា ករណី​ផ្ទុះ COVID-19 នៅក្នុង​ទីក្រុង​ដា​ណា​ង​ស្ថិតនៅក្រោម​ការគ្រប់គ្រង​។ អាជ្ញាធរ​វៀតណាម បាន​ប្តេជ្ញា​ថានឹងមិន​ឲ្យ​រលក​ឆ្លង​លើក​ទី​ពីរ កើតឡើង​ក្នុងប្រទេស​ជាដាច់ខាត​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​មួយ​របស់​គណៈកម្មាធិកា​រ​គ្រប់គ្រងCOVID-19 នៅ​ថ្ងៃទី​៤ ខែសីហា​។

បច្ចុប្បន្ន បើគិត​មក​ត្រឹម​ព្រឹក​ថ្ងៃទី​៦ ខែសីហានេះ ប្រទេសវៀតណាម មាន​ករណី​ឆ្លង COVID-19 សរុប​ចំនួន ៧១៧​ករណី អ្នកស្លាប់​មាន​ចំនួន ៨​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៣៨១​នាក់​៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print