មេទ័ព​ជើងគោកថៃ ប្រាប់សិស្ស​នាយទាហាន​ថា៖ «​ជំងឺ COVID-19 អាច​ព្យាបាល​ជាសះស្បើយ តែ​ជំងឺ​ដែល​ពុំ​អាច​ព្យាបាល​ជា គឺ ការ​ស្ព​ប់​ខ្ពើម​ជាតិ​ឯង​»

ចែករំលែក៖

អន្តរជាតិ៖ ឧ​ត្ត​ម​សេនីយ៍ Apirat Kongsompong មេទ័ព​ជើងគោក​​របស់​ប្រទេសថៃ បាន​ថ្លែងប្រាប់​សិស្ស​នាយទាហាន ​អំឡុងពេល​ទស្សនកិច្ច​ទៅកាន់​សាលា​បណ្ឌិតសភាយោធា​មួយ កាលពីថ្ងៃទី ៥ ខែសីហាម្សិលមិញថា «​ជំងឺ COVID-19 អាច​ព្យាបាល​ជាសះស្បើយតែ​ជំងឺ​ដែល​ពុំ​អាច​ព្យាបាល​ជា គឺ ការ​ស្ព​ប់​ខ្ពើម​ជាតិ​ឯង​»​។

មេទ័ព​ជើងគោក​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេសថៃរូបនេះ បានលើកឡើង​ដោយ​ប្រយោល​ពី​ជំងឺ​រិះគន់​ប្រទេសជាតិ​ឯង​ លោកថា ជំងឺ​ស្អប់ខ្ពើម​ជាតិ​ខ្លួនឯង​ដែល​កំពុង​រាលដាល​ក្នុងប្រទេស គឺជា​ការ​គំរាម​ធំ​ជាង​ជំងឺ​រាតត្បាត​សកល COVID-19 ទៅទៀត ។

​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ឧ​ត្ត​ម​សេនីយ៍​ថៃ​រូបនេះ សង្កត់ធ្ងន់ថា​៖«​យើង​មិនអាច​ព្យាបាល​មនុស្ស​ដែល​ស្ព​ប់​ជាតិ​ពួកគេ​ឡើយ​»​ ម្ល៉ោះហើយ​ទើប​ជំងឺ​នេះ ជាការ​គំរាមកំហែង​ធំ​ជាង​ជំងឺ COVID-19 ទៅទៀត​។ ការលើកឡើង​របស់​ឧ​ត្ត​ម​សេនីយ៍ Apirat ធ្វើឡើង​ខណៈ​ចលនា​ទាមទារ​ប្រជាធិបតេយ្យ​ក្នុងប្រទេស​ថៃ​បន្ត​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ តួយ៉ាងរយៈពេល​ជាង​២​សប្តាហ៍​មកនេះបាតុករ​ថៃ បន្ត​ចេញ​តវ៉ា​ជា​បន្តបន្ទាប់​។

​សូមជម្រាបថា ក្រុមបាតុករ​ភាគច្រើន ជា​យុវជន​ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​រំលាយ​សភា​ចោល បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ក្រុម​អ្នក​រិះគន់និង​ក្រុម​អ្នកប្រឆាំង ហើយ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​។ ប៉ុន្តែអ្វីដែល​ធ្ងន់ធ្ងរ​ជាង​នោះ ក្រុមបាតុករ​ថៃ​ប្រមាណ​២០០​នាក់ កាលពី​ថ្ងៃ​យប់​ថ្ងៃទី​៣ខែសីហា បាន​ហ៊ាន​រិះគន់​ជា​សាធារណៈ​លើ​ស្ថាប័ន​មហាក្សត្រ​ដែលមាន​ឥទ្ធិពល​ខ្លាំង ដែល​ការពារ​ដោយ​ច្បាប់​ដ៏​តឹងរ៉ឹង​ទៀតផង​។​

​គួរបញ្ជាក់ថា ក្រោយរង​ការ​បាតុកម្ម​ជា​បន្តបន្ទាប់ នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃ​៤ ខែសីហា ក៏បាន​ចេញមុខប្ដេជ្ញា​ជំរុញ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ហើយ​អះអាងថា រដ្ឋាភិបាល​លោក ក៏​នឹង​បង្កើត​វេទិកា​សម្រាប់​យុវជន​បញ្ចេញ​ទស្សនៈ​លើ​អ្វីដែល​ពួកគេ​ចង់​ឲ្យ​មាន ​សម្រាប់​អនាគត​របស់​ប្រទេស​ខ្លួនផងដែរ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print