​ក្រុម​ឧទ្ទាម​តា​លី​បង់​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ស្លាប់​ និង​របួស​៤៩​នាក់

ចែករំលែក៖

​យ៉ាង​ហោច​ណាស់​មនុស្ស​២០​នាក់​បាន​បាត់បង់​ជីវិត​កាលពី​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ បន្ទាប់​ពី​ហេតុការណ៍​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​អត្តឃាត​ស្ថិត​នៅ​ខាងក្រោយ​បន្ទាយ​យោធា​ក្នុង​ទីក្រុង​កា​ប៊ូល​ ។​ ហេតុការណ៍​វាយប្រហារ​នេះ​បាន​កើតឡើង​នៅ​មុន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ដែល​កិច្ច​ពិភាក្សា​ជា​អន្តរជាតិ​ត្រូវធ្វើ​ឡើង​ក្នុង​គោលបំណង​បន្ត​កិច្ច​ពិភាក្សា​ជាមួយ​ក្រុម​អិ​ស្លា​ម​ជ្រុលនិយម​ឡើង​វិញ​នោះ​ ។​

kabul-suicide-bomber

​ការ​វាយប្រហារ​នេះ​ ក្រៅពី​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​២០​នាក់​ នៅ​មាន​មនុស្ស​២៩​នាក់​ផ្សេង​ទៀត​រង​របួស​ ។​ ជន​វាយប្រហារ​គ្រាប់បែក​អត្តឃាត​បាន​បំផ្ទុះ​គ្រាប់បែក​នៅ​ជិត​មន្ត្រី​យោធា​រដ្ឋាភិបាល​ម្នាក់​ដែល​ឈរ​រង់ចាំ​គេ​បើកទ្វារ​បន្ទាយ​ឲ្យ​ចូល​ទៅ​ខាងក្នុង​នោះ​ ។​ មនុស្ស​ជា​ច្រើន​នាក់​បាន​ស្លាប់​ និង​រង​របួស​យ៉ាង​រដូករណែល​ ខណៈ​ដែល​សម្ភារ​នៅ​បរិវេណ​នោះ​ត្រូវ​ភ្លើង​ឆាបឆេះ​រោលរាល​ជុំវិញ​កន្លែង​វាយប្រហារ​នេះ​ ។​

​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ កងកម្លាំង​សន្តិសុខ​អា​ហ្វា​ហ្គា​នី​ស្ថាន​តែង​ទទួល​រង​ការ​លប​វាយឆ្មក់​ និង​បំផ្ទុះ​គ្រាប់បែក​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ជា​បន្តបន្ទាប់​ បើ​ទោះបី​មានការ​ជំរុញ​ជា​អន្តរជាតិ​ឲ្យ​រដ្ឋាភិបាល​ និង​ក្រុម​ឧទ្ទាម​អិ​ស្លា​ម​ជ្រុលនិយម​តា​លី​បង់​ បន្ត​ដំណើរការ​ពិភាក្សា​សន្តិភាព​ដែល​អាក់ខាន​កាលពី​ឆ្នាំ​មុន​នោះ​ឡើង​វិញ​។​

​ក្រសួងមហាផ្ទៃ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ «​ជា​លទ្ធផល​នៃ​ការ​វាយប្រហារ​នេះ​មនុស្ស​២០​នាក់​បាន​បាត់បង់​ជីវិត​ និង​២៩​នាក់​ផ្សេង​ទៀត​បាន​រង​របួស​»​ ។​

​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​បាន​បញ្ជាក់​ប្រាប់​ AFP​ ថា​ ជន​រង​គ្រោះ​បាត់បង់​ជីវិត​ភាគច្រើន​ជា​ប៉ូលិស​ ។​ មាន​ទាហាន​តែ​៣​នាក់​ប៉ុណ្ណោះ​បាន​រង​របួសធ្ងន់​ ហើយ​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទីរពេទ្យ​ ។​ ក្រសួងសុខាភិបាល​បាន​អះអាង​ថា​ ជន​រង​គ្រោះ​ភាគច្រើន​ទទួល​រង​របួស​នៅ​ត្រង់​ដើមទ្រូង​ ។​

​ក្រុម​ឧទ្ទាម​តា​លី​បង់​បាន​ប្រកាស​ទទួលស្គាល់​ការ​វាយប្រហារ​ខាងលើ​នេះ​ ។​ អ្នកនាំពាក្យ​ក្រុម​ឧទ្ទាម​ Zabihullah​ Mujahid​ ប្រកាស​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ធ្វើ​ធើ​ថា​ ប៉ូលិស​៤០​នាក់​បាន​ស្លាប់​ និង​រង​របួស​ ។​

​ការ​វាយប្រហារ​ខាងលើ​នេះ​បាន​កើតឡើង​មុន​ការ​ចាប់ផ្តើម​ជួប​ពិភាក្សា​ជា​លើក​ទី​៣​របស់​ប្រទេស​ទាំង​៤​ ដើម្បី​រក​ចំណុច​ស្រប​មួយ​ដើម្បី​ឲ្យ​ទីក្រុង​កា​ប៊ូល​ជួប​ចរចា​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​ក្រុម​អិ​ស្លា​ម​ជ្រុលនិយម​ ។​

​គណៈ​ប្រទេស​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ប៉ា​គី​ស្ថាន​ ចិន​ និង​អា​មេ​រិ​ក​ នៅ​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​ទីក្រុង​អិ​ស្លា​ម៉ា​បា​ដ​ មាន​គម្រោង​ជួប​ពិភាក្សា​ដើម្បី​ស្វែង​ការ​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​របស់​រដ្ឋាភិបាល​ជាមួយនឹង​ក្រុម​អិ​ស្លា​ម​ជ្រុលនិយម​តា​លី​បង់​ និង​ឈាន​ដល់​ការ​បញ្ចប់​អំពើ​ហិង្សា​ ដែល​ចូល​មក​ដល់​ឆ្នាំ​ទី​១៥​ហើយ​នោះ​ ។​

​ក្រុម​ឧទ្ទាម​តា​លី​បង់​បាន​បង្កើន​សកម្មភាព​វាយប្រហារ​ទៅ​លើ​រដ្ឋាភិបាល​ និង​គោលដៅ​ទៅ​លើ​ជនបរទេស​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ផង​ដែរ​នៅ​ក្នុង​រដូវរងា​នេះ​ ខណៈ​ដែល​ការ​វាយប្រហារ​មានការ​ថមថយ​ចុះ​មក​នោះ​ ។​ ការ​វាយប្រហារ​នេះ​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ខ្លាច​ស្ថានការណ៍​សន្តិសុខ​កាន់តែ​អាក្រក់​ខ្លាំង​ឡើង​ ៕​

...

​ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print