អន្តរជាតិ៖ តារាYouTuber ដ៏ល្បីឈ្មោះម្នាក់ លោក Jake Paul (ជេក–ផល) ក្រោយរកឃើញពាក់ព័ន្ធករណីលួច និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ក្នុងផ្សារទំនើបមួយកន្លែង នៅរដ្ឋអារីហ្សូណា ក៏ត្រូវភ្នាក់ងារ FBI និងមន្ត្រី SWAT រាប់សិបនាក់ បានវាយឆ្មក់ចូលក្នុងវិមានរបស់តារារូបនេះ និងបានរឹបអូសយកអាវុធរបស់គាត់ជាច្រើន ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យភ្នាក់ងារស៊ើបអង្កេត កាលពីថ្ងៃពុធទី៥ ខែសីហាម្សិលមិញនេះថា៖«ភ្នាក់ងារFBI កំពុងធ្វើការស៊ើបអង្កេតលើការចោទប្រកាន់ពីបទឧក្រិដ្ឋ ជុំវិញឧប្បត្តិហេតុនៅឯ Scottsdale Fashion Square ក្នុងខែឧសភាឆ្នាំ២០២០»។ដោយទីភ្នាក់ងារ FBI បានកត់សម្គាល់ថា នៅឡាសវេហ្គា ក៏បានចេញដីកាស្វែងរកចាប់ខ្លួនលោក Jake Paul ដាច់ដោយឡែកមួយទៀតដែរ ។ ប៉ុន្តែគ្មានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងនោះទេ ព្រោះគេមិនបានរកលោក Jake Paul ឃើញទេនៅពេលនោះ។
សូមជម្រាបថា ការវាយឆ្មក់ទៅលើលំនៅដ្ឋានរបស់លោក Jake Paul នៅកាឡាបាសាស (Calabasas) ត្រូវបានថតជាប់នៅក្នុងរូបថត និងវីដេអូ ដែលផ្សព្វផ្សាយតាមបណ្តាញសង្គម។ មន្ត្រីទាំងនោះត្រូវបានគេឃើញថា មានកាន់កាំភ្លើងវែងជាច្រើនចេញពីផ្ទះលោក Jake Paul ។
គួរបញ្ជាក់ថា តារា YouTube រូបនេះត្រូវបានគេចោទប្រកាន់កាលពីខែមិថុនា ពីបទប្រព្រឹត្តិបទឧក្រិដ្ឋនិងការប្រមូលផ្តុំខុសច្បាប់ បន្ទាប់ពីមានវីដេអូនបង្ហាញថា គាត់មានវត្តមាននៅផ្សារទំនើបមួយនៅ Scottsdale រដ្ឋ Arizona ក្បែរទីក្រុង Phoenix ដែលនៅទីនោះអ្នកតវ៉ារឿងលោក George Floyd មួយចំនួនបានចូលលួច និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។ ខណៈពេលដែលប៉ូលីសនៅ Scottsdale បានបំភ្លឺថាការចោទប្រកាន់ទាំងនោះត្រូវបានគេរំសាយវិញ ប៉ុន្តែការស៊ើបអង្កេតរបស់សហព័ន្ធកំពុងបន្ត។
ប៉ុន្តែយ៉ាងណា តារាYouTuber រូបនេះ ក៏បានអះអាងថា គាត់មិនបានចូលរួមក្នុងការលួច ឬបំផ្លាញទ្រព្យសម្បត្តិណាមួយទេ ប៉ុន្តែបានទទូចថាគាត់គ្រាន់តែនៅទីនោះដើម្បីចងក្រងឯកសារបាតុកម្មដែលប្រែជាកុបកម្ម បានកើតឡើងភ្លាមៗ បន្ទាប់ពីប៉ូលីសបានសម្លាប់លោក George Floyd នៅ Minneapolis ។
ដោយឡែកមេធាវីរបស់លោក Paul បានទទួលស្គាល់ការវាយឆ្មក់កាលពីថ្ងៃពុធនេះដែរ ក៏បាននិយាយថា កូនក្តីរបស់គាត់មានបំណងសហការជាមួយការស៊ើបអង្កេត ហើយថាក្រុមមេធាវីរបស់គាត់នៅតែកំពុងប្រមូលព័ត៌មានអំពីរឿងនេះផងដែរ ៕ដោយ៖ស តារា