ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងជំរុញដល់ក្រសួង ស្ថាបន ក្រមការងារទាំង៦ រួមមានក្រុមការងារបង្ការទប់ស្កាត់, ក្រុមការងារ កិច្ចការយុត្តិធម៌, ក្រុមការងារទេសន្តរប្រវេសន៍, ក្រុមការងារបង្ការ ទប់ស្កាត់, ក្រុមការងារ ការពារជនរងគ្រោះ និងក្រុមការងារសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមន្រ្តីជាន់ខ្ពស់មកពីក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត ។
សម្តេចបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំឆមាសទី១នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០នេះ ។
សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កិច្ចប្រជុំឆមាសទី១ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនាថ្ងៃនេះ ដើម្បីស្ដាប់សេចក្តីរាយការណ៍លទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងស្ថាប័ន និងអង្គភាពជាសមាជិក គ.ជ.ប.ជ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អំពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងរយៈពេល៦ខែ ដើមឆ្នាំ ២០២០
សម្ដេចបន្តថាលើសពីនេះ អង្គប្រជុំនឹងពិនិត្យ ពិភាក្សា លើចំណុចខ្វះខាត ដែលត្រូវកែលម្អ និងពង្រឹងបន្ថែម ក្នុងនោះក៏មានឆ្លើយតបទៅនឹងការវាយតម្លៃលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពីសំណាក់សហរដ្ឋអាមេរិក ដោយសម្ដេចបានណែនាំឱ្យពិនិត្យពិចារណាលើចំណុចខ្វះខាតមួយចំនួន ដើម្បីធ្វើការកែលម្អរជាប្រយោជន៍សម្រាប់រាជរដ្ឋាភិបាល និងប្រជាជន។
លោកស្រិជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានឱ្យដឹងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សតាមក្រសួងស្ថាប័នរាជធានី-ខេត្ត បានបន្តសកម្មភាពការងារតាមទិសដៅដែលបានគ្រោងទុក បើទោះបីជាបាន និងកំពុងតែប្រឈមនឹងសភាពការណ៍វិវត្តថ្មី ដែលមិនអាចប៉ាន់ស្មានបាន ពិសេសស្ថានភាពប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោកក្នុងវិបត្តិកូវីដ-១៩។
លោកស្រីបានរាយការណ៍ជូនអង្គប្រជុំថា ចាប់ពីខែមីនា ឆ្នាំ២០២០ ក្រសួងស្ថាប័ន និងរាជធានី-ខេត្ត បានប្ដូរទិសដៅការងារដោយផ្ដោតការយកចិត្តទុកដាក់លើបញ្ហាកើតចេញពីវិបត្តិកូវីដ-១៩ដែលបានជះឥទ្ធិពលដល់ការអនុវត្តសកម្ម ភាពគ្រប់វិស័យ ធ្វើឲ្យរាំងស្ទះដោយអន្លើ និងទាមទារឱ្យមានការដោះស្រាយ ទប់ស្កាត់ផលប៉ះពាល់លើជីវភាពប្រជាពលរដ្ឋ ពិសេសអ្នកត្រឡប់ពីប្រទេសក្រៅដ៏ច្រើន ហើយដេលភាគច្រើនជាអ្នកខ្វះលទ្ធភាពក្នុងការទ្រទ្រង់ជីវភាព និងងាយរងគ្រោះ។
ឆ្លើយតបនឹងបញ្ហានេះលោកស្រីបានបន្តថា គ្រប់ភាគីបានធ្វើសកម្មភាពយ៉ាងមមាញឹក ប្រចាំការនៅតាមព្រំដែនទទួលសង្គ្រោះពលករដែលវិលត្រឡប់តាមច្រកមិនផ្លូវការទាំងយប់ទាំងថ្ងៃ ដោយបានពិនិត្យកម្ដៅ និងសុខភាព អនុវត្តគោលការណ៍ចត្តាឡីស័កតាមវិធានសុខាភិបាលផ្ដល់អាហារនិងត្រៀមមធ្យោបាយដឹកជញ្ជូនពួកគាត់ឱ្យបានដល់លំនៅដ្ឋាន ហើយបន្តតាមដានស្ថានភាពសុខភាព ជីវភាព ព្រមទាំងផ្ដល់សេវាតាមតម្រូវការផ្សេងៗជូនពួកគាត់។
លោកស្រីក៏បានបន្តរាយការណ៍ជូនសម្ដេច ព្រមទាំងអង្គប្រជុំអំពីលទ្ធផលការងារផ្នែកគោលនយោបាយច្បាប់និងបទដ្ឋានគតិយុទ្ធ និងកិច្ចសហប្រតិបត្តិការ, ការងារបង្ការទប់ស្កាត់, ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌឆ្លើយតបនឹងអំពើជួយដូរមនុស្ស កិច្ចការពារជនរងគ្រោះ និងការផ្ដល់សេវាគាំទ្រ, ការលើកកម្ពស់សមត្ថភាព និងការសម្របសម្រួល និងអំពីការវាយតម្លៃកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់សហរដ្ឋអាមេរិក។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ខិតខំបំពេញការងារតាមជំនាញ និងតាមគោលដៅរៀងៗខ្លួនរបស់ក្រុមការងារទាំង៦ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ទោះបីជាកម្ពុជា មានឧបសគ្គបន្ទុចបង្អាក់ពីមជ្ឈដ្ឋានអន្តរជាតិ ឬការប្រឈមនឹងវិបត្តិសេដ្ឋកិច្ច និងជំងឺឆ្លងកូវីដ១៩យ៉ាងណា ក៏មិនបានបោះបង់ការខិតខំប្រឹងប្រែងប្រកបដោយស្មារតីអត់ធ្មត់ តស៊ូ ព្យាយាមក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដែរ។
សម្ដេចបានជំរុញឱ្យក្រុមការងារចងក្រងនិងចែករំលែកទិន្នន័យជាប្រព័ន្ធឱ្យមានលក្ខណៈរលូននិងជាទិន្នន័យរួមថ្នាក់ជាតិ ឆ្លើយតបទៅនឹងការដោះស្រាយបញ្ហាជាពិសេស សម្រាប់ចែករំលែកជាមួយអន្តរជាតិ ហើយក្រុមការងារយុត្តិធម៌ត្រូវមានទំនាក់ទំនង និងការសហការល្អជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីឱ្យការប្រមូលទិន្នន័យអំពីការផ្តន្ទាទោសអំពើជួញដូរមនុស្ស និងបញ្ជូនមកអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ទាន់ពេលវេលា៕
ដោយ៖ សូរិយា