រដ្ឋមន្ត្រី​វិទ្យាសាស្ត្រម៉ាឡេស៊ី ចុះMOU ជាមួយចិន ដើម្បី​ឲ្យ​ម៉ាឡេស៊ី​អាច​ទទួលបាន​វ៉ាក់សាំង​ភ្លាមៗ

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋមន្ត្រីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ម៉ាឡេស៊ី លោក Khairy Jamaluddin កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ បានអះអាងថា រដ្ឋាភិបាលម៉ាឡេស៊ី កំពុងពិភាក្សាជាមួយចិន លើលទ្ធភាពនៃការចុះអនុស្សារណៈយោគយល់ (MoU) ដើម្បីអាចទទួលវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ចិននៅពេលដែលវាមានសុវត្ថិភាពក្នុងការប្រើប្រាស់បាន

លោករដ្ឋមន្ត្រី Khairy Jamaluddin បានលើកឡើងនៅក្នុងកិច្ចប្រជុំសភាម៉ាឡេស៊ីថា «​ខ្ញុំបានជួបពិភាក្សា ជាមួយសមភាគីចិនតាមរយៈប្រព័ន្ធវីដេអូដោយនិយាយពីលទ្ធភាពក្នុងការចុះអនុស្សារណៈយោគយល់ ដើម្បីឲ្យម៉ាឡេស៊ីអាចទទួលបានវ៉ាក់សាំងភ្លាមៗ​»​ លោករដ្ឋមន្ត្រីរូបនេះ បានកត់សម្គាល់ទៀតថា ចិនស្ថិតក្នុងចំណោមប្រទេសដែលមានសមត្ថភាពខ្ពស់ក្នុងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំង COVID-19

ទន្ទឹមនឹងនេះ លោក Khairy ក៏បានបន្ថែមថា លោករដ្ឋមន្ត្រីការបរទេស Hishammuddin Hussein នឹងជជែកជាមួយសមភាគីចិននៅថ្ងៃទី១២ សីហា ឆ្នាំ២០២០ខាងមុខនេះ ហើយអនុស្សារណៈយោគយល់ និងវ៉ាក់សាំងត្រូវបានរួមបញ្ចូលក្នុងរបៀបវារៈរួចហើយ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍ Channel News Asia​ ទោះជាយ៉ាងណាក្តី វ៉ាក់សាំងនេះអាចប្រើបាន ដរាបណាទីភ្នាក់ងារនិយ័តករឱសថជាតិរកឃើញថា វ៉ាក់សាំងមានប្រសិទ្ធភាព និងសុវត្ថិភាព

លោក Khairy បន្តថា ដោយសារតែការទូតវ៉ាក់សាំងនេះហើយ ទើបគេឃើញប្រទេសជឿនលឿនដូចជាអាមេរិក អឺរ៉ុប និងអង់គ្លេសជាដើមបានទិញទុកជាមុនវ៉ាក់សាំងដែលអភិវឌ្ឍដោយក្រុមហ៊ុនឱសថរបស់ប្រទេសលោកខាងលិច ជាលទ្ធផលប្រទេសតូច និងកំពុងអភិវឌ្ឍត្រូវនៅរង់ចាំក្រោយគេរដ្ឋមន្ត្រីដដែលបានលើកឡើងថា នៅពេលនេះប្រទេសនីមួយៗកំពុងស្វែងរកវ៉ាក់សាំង ដែលនាំឲ្យក្លាយជាការទូតវ៉ាក់សាំង

សូមជម្រាបថា ក្នុងករណីទទួលបានវ៉ាក់សាំង ក្រុមហ៊ុនឱសថចំនួនពីរ គឺក្រុមហ៊ុន Duo Pharma និង​Pharmaniaga ត្រូវបានអនុញ្ញាតឲ្យវ៉ាក់សាំងទាំងនោះទៅបំពេញ និងបញ្ចូលទៅក្នុងកូនដបតូចៗចំណុះ ១០ ៥០ មីលីលីត្រ ព្រោះម៉ាឡេស៊ីនឹងទិញវ៉ាក់សាំងទ្រង់ទ្រាយធំ

គួរបញ្ជាក់ថា ប្រទេសចិន បានសន្យាផ្ដល់វ៉ាក់សាំងសម្រាប់ការប្រើប្រាស់ទូទៅដល់ប្រទេសទាំងអស់ ហើយ កន្លងមក មេដឹកនាំចិន ក៏បានសន្យាចំពោះមុខមេដឹកនាំប្រទេសមួយចំនួនដូចជាកម្ពុជា និងហ្វីលីពីន និងបណ្តាប្រទេសនៅទ្វីបអាហ្វ្រិករូហើយដែរ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ក្នុងករណីម៉ាឡេស៊ី គឺប្រទេសនេះមិនត្រឹមតែនិយាយទេ ប៉ុន្តែមានបំណងក្នុងការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយចិន៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print