អន្តរជាតិ៖ លោក Tim Cook មេដឹកនាំក្រុមហ៊ុនយក្សអាមេរិក Apple កំពុងពិចារណាផលិត Iphone នៅប្រទេសវៀតណាម ដោយលោកបានទៅមើលមូលដ្ឋានផលិតកម្មរបស់ក្រុមហ៊ុន Luxshare – ICT នៅវៀតណាម ក្នុងខេត្ត Bac Giang ដើម្បីពិនិត្យមើលលក្ខខណ្ឌផលិតiPhone នៅទីនោះ ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnam insider បាននិយាយថា ឧស្សាហកម្ម Luxshare ត្រូវបានជាប់ក្នុងចំណាត់ថ្នាក់ទី២០ក្នុងចំណោមក្រុមហ៊ុនធំៗទាំង ១០០ របស់ចិន និងជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ៣ ដែលផលិតផលិតផលឲ្យក្រុមហ៊ុន Apple រួមទាំង iphone ផងដែរ។
ជាមួយគ្នានេះដែរក្រុមហ៊ុន Apple បានកោតសរសើរចំពោះការស្ថាបនាកន្លែងផលិតយ៉ាងលឿននៅប្រទេសវៀតណាម ពោលគឺប្រើពេលតែ ៣ខែប៉ុណ្ណោះ។
សូមជម្រាបថា ក្រុមហ៊ុន Luxshare–ICT នៅប្រទេសវៀតណាម បាននិងកំពុងពង្រីករោងចក្ររបស់ខ្លួននៅ Quang Chau និង Van Trung IZs នៅ Bac Giang។ ដោយកន្លែងផលិតនៅ Van Trung IZs ស្ថិតនៅលើផ្ទៃដី ៣០ ហិកតាត្រូវបានសាងសង់យ៉ាងឆាប់រហ័ស ដោយបានបញ្ចប់បន្ទាប់ពីសាងសង់អស់រយៈពេល ៥ ខែតាមការស្នើសុំរបស់ Apple។ ក្រុមហ៊ុននេះក៏បានស្នើឲ្យក្រុមហ៊ុន Luxshare-ICT បង្កើតអន្តេវាសិកដ្ឋានសម្រាប់កម្មករនៅក្បែររោងចក្រផងដែរ។
ទន្ទឹមនឹងនេះក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនមួយក្នុងចំនោមក្រុមហ៊ុនទាំងបីផលិតទូរស័ព្ទ iPhone បានស្នើសុំទៅការិយាល័យរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធដើម្បីគាំទ្រដល់ការអនុវត្តគម្រោងលំនៅដ្ឋានចំនួន ៣ នៅក្បែរកន្លែងផលិតរបស់ក្រុមហ៊ុននេះ។ គំរោងមួយក្នុងចំនោមគំរោងទាំង ៣ គឺស្ថិតនៅតំបន់ Van Trung នៃខេត្ត Bac Giang ហើយក្រុមហ៊ុននេះ ក៏បានស្នើសុំការអនុញ្ញាតដើម្បីអភិវឌ្ឍដីទំហំ៦០០ ហិកតានៅស្រុក Luc Nam នៃខេត្តនេះផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Luxshare–ICT របស់វៀតណាមមានដើមទុនវិនិយោគសរុបចំនួន ២៧០ លានដុល្លារដោយប្រើប្រាស់កម្មករចំនួន២៨,០០០ នាក់ជាមួយនឹងប្រាក់ឈ្នួលជាមធ្យម ១៤–១៩ លានដុង។ ជាទូទៅក្រុមហ៊ុនត្រូវការកម្មករ ៥ ម៉ឺនទៅ ៦ ម៉ឺននាក់ ដើម្បីធានាផលិតកម្ម។ ខណៈពេលដែល Apple ពិចារណាយ៉ាងហ្មត់ចត់នូវលក្ខខណ្ឌស្តីពីសុខុមាលភាព និងសុវត្ថិភាព ដោយចាត់ទុកលក្ខខណ្ឌនេះជាអាទិភាពកំពូល ជាពិសេស Apple បានស្នើសុំកន្លែងស្នាក់នៅសម្រាប់កម្មករនៅក្បែររោងចក្រផលិតកម្ម។
បច្ចុប្បន្ន Luxshare–ICT វៀតណាម នៅខេត្ត Bac Giang នៅតែមិនអាចបំពេញតាមតម្រូវការរបស់ Apple លើសុខុមាលភាព និងអន្តេវាសិកដ្ឋានសម្រាប់កម្មករនៅឡើយទេ។ ដូចនេះមានតែនៅពេលដែលក្រុមហ៊ុនអាចបំពេញនូវតម្រូវការបានប៉ុណ្ណោះ ដែល Apple នឹងពិចារណាលើផែនការផលិតទូរស័ព្ទ iPhone នៅទីនោះ៕ដោយ៖ស តារា