ក្រោយអតីតព្រះមហាក្សត្រ និរទេស​ព្រះកាយ បាតុករ​អេ​ស្ប៉ា​ញ នាំគ្នាទាមទារ​ឲ្យ​បញ្ចប់​របបរាជានិយម​ ដើម្បីបង្កើត​របប​សាធារណរដ្ឋ​ឡើងវិញ

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពី​អតីតព្រះមហាក្សត្រ Juan Carlos បាន​និរទេស​ព្រះកាយ ខណៈ​ប្រឈមមុខ​ទៅនឹង​ការស៊ើបអង្កេត​ពាក់ព័ន្ធ​ទៅនឹង​រឿងអាស្រូវ​ពុករលួយ​លើទឹក​ប្រាក់​ចំនួន​១០០​លាន​ដុល្លារ​នោះ ។ ក្រុមបាតុករ​អេ​ស្ប៉ា​ញ នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ២០២០ បាននាំគ្នាចេញមកទាមទារ​ឲ្យ​បញ្ចប់​របបរាជានិយម​នៅ​អេ​ស្ប៉ា​ញ និង​បង្កើត​របប​សាធារណរដ្ឋ​ឡើងវិញ ​។​

​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​ និយាយថា ក្រោយ​ពេលដែល​ព្រះមហាក្សត្រ Juan Carlos បាន​និរទេស​ខ្លួន បាតុកម្ម​ប្រឆាំង នឹង​របបរាជានិយម​បានកើត​ឡើង​នៅ​ទូទាំង​អេ​ស្ប៉ា​ញ​។ បាតុករ​អេ​ស្ប៉ា​ញ​រាប់រយ​នាក់ បាននាំគ្នា​ចុះ​ផ្លូវ​នៅក្នុង​រាជធានី​ម៉ា​ឌ្រី​ដ ដើម្បី​ប្រឆាំង​ទៅនឹង​របបរាជានិយម​អេ​ស្ប៉ា​ញ និង​ទាមទារ​ឲ្យ​បង្កើត​របប​សាធារណរដ្ឋ​សាជាថ្មី​។

ជាក់ស្តែង រូបភាព​ពី​ការជួបជុំ​បានបង្ហាញ​ឲ្យ​ឃើញ​បាតុករ​មួយចំនួន​កាន់​ទង់​សាធារណរដ្ឋ​អេ​ស្ប៉ា​ញ​ទី​២ និង​ស្រែក​ប្រឆាំង​គ្រួសារ​រាជវង្ស​។ដោយបាតុករ​ម្នាក់​ បាន​និយាយថា​៖ «​យើង​ត្រូវ​បោសសម្អាត​ប្រព័ន្ធ​ដែល​ពុករលួយ ហើយ​យើង​គួរ​ចាប់ផ្តើម​ពី​រាជវាំង​។​» ក្រៅតែពី​បាតុកម្ម​នៅ​រាជធានី​ម៉ា​ឌ្រី​ដ​នៅ​ថ្ងៃទី​៩ ខែសីហា បាតុកម្ម​ក៏មាន​នៅ​ទីក្រុង Valencia ខណៈ​បាតុកម្ម​ច្រើន​ទៀត គ្រោង​ធ្វើជា​បន្តបន្ទាប់​ក្នុង​សប្តាហ៍​នេះ​។ បាតុករ នឹង​ជួបជុំគ្នា​នៅ​កោះ  Mallorca ទី​ដែល​ព្រះមហាក្សត្រ​អេ​ស្ប៉ា​ញ Felipe VI គ្រោង​យាង​ទៅ​នៅ​សប្តាហ៍​នេះ​។​

សូមជម្រាបថា ​ព្រះ​ចៅ Juan Carlos បាន​ឡើង​សោយរាជ្យ​ក្នុង​ឆ្នាំ​១៩៧៥ ក្រោយ​ការស្លាប់​របស់​មេដឹកនាំ​ផ្ដាច់ការ Francisco Franco ហើយ​បាន​សោយរាជ្យ​អស់​រយៈពេល​៣៨​ឆ្នាំ មុនពេល​ដាក់រាជ្យ​ឲ្យ​បុត្រា​ទ្រង់ មហាក្សត្រ Felipe VI ក្នុង​ខែមិថុនា ឆ្នាំ​២០១៤​។ រហូតមកទល់ពេលនេះ រាជវាំង និង​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ ក៏ដូចជា​មេធាវី​របស់​ទ្រង់ បាន​បដិសេធ​ពី​ទីកន្លែង​ដែល​ទ្រង់​យាង​ទៅ​។ ប៉ុន្តែ​គេហទំព័រ​ព័ត៌មានNiusdiario.es នៅ​ថ្ងៃទី​៨ សីហា​បានបង្ហាញ​រូបភាព​ព្រះអង្គ​នៅ​អាកាសយានដ្ឋាន អា​ប៊ុ​យ​ដា​បី ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។ អតីត​ស្ដេច​អេ​ស្ប៉ា​ញ​រូបនេះ ត្រូវគេ​ជឿថា មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រជ្ជទាយាទ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។​

​គួរបញ្ជាក់ថា ក្រោយ​ការ​និរទេស​ព្រះកាយ ការស្ទង់មតិ​មួយ​បានធ្វើ​ឡើង ដែល​ក្នុងនោះ​អ្នកចូលរួម​ឆ្លើយ​សំណួរ​ចំនួន​៨០​ភាគរយ និយាយថាព្រះអង្គ​ត្រូវ​ប្រឈមមុខ​ទៅនឹង​នីតិវិធីតុលាការ​។ ទោះជា​យ៉ាងណាក្តី អ្នកចូលរួម​ក្នុង​ការស្ទង់មតិ ៦៩​ភាគរយ ចាត់ទុកថា​ព្រះអង្គ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្លាស់ប្តូរ​ប្រទេស​អេ​ស្ប៉ា​ញ ឲ្យ​ចេញពី​របប​ផ្តាច់ការ​មក​ប្រជាធិបតេយ្យ ចាប់តាំងពី​ឆ្នាំ​១៩៧៥ មក​ក្រោយ​ស្ថិតក្រោម​ការដឹកនាំ​បែប​ផ្ដាច់ការ​របស់ Franco អស់​ពេល​៣៦​ឆ្នាំ​។​

​បច្ចុប្បន្ននៅ​អេ​ស្ប៉ា​ញ បាតុកម្ម​បានទាមទារ​ឲ្យ​បញ្ចប់​របបរាជានិយម​នេះ មិនមែនជា​រឿង​ថ្មី​ឡើយ ជាក់ស្តែង​ក្រោយ​ការដាក់​រាជ​របស់​ព្រះបាទ Juan Carlos ក្នុង​ឆ្នាំ​២០១៤ បាតុករ​រាប់ពាន់នាក់​បាននាំគ្នា​ចុះ​ផ្លូវ​ទាមទារ​ឲ្យ​ធ្វើ​ប្រជាមតិ​លើ​ការបន្ត​របបរាជានិយម​អេ​ស្ប៉ា​ញនេះផងដែរ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print