ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានធ្វើការបោះឆ្នោតជ្រើសរើសប្រធាន និង អនុប្រធាន សម្រាប់អាណត្តិទី២ របស់ខ្លួន ដែល មានរយៈពេល ៥ ឆ្នាំម្តងនោះ ដែលក្នុងនោះ បង្ហាញថា លោកតុប សំ ដែលជាអតីតប្រធាន ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ ត្រូវបានសមាជិកក្រុមប្រឹក្សានេះ បោះឆ្នោតគាំទ្រឲ្យធ្វើជា ប្រធានដឹកនាំស្ថាប័ននេះដដែល រីឯលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏ត្រូវបានបោះឆ្នោត គាំទ្រឲ្យក្លាយជា អនុប្រធាន ។
យោងតាមច្បាប់ នៃក្រុមប្រឹក្សាជាតិប្រឆាំង អំពើពុករលួយ អាណត្តិការដកពីតំណែង និងការជំនួសតំណែង សមាជិកទាំងអស់ នៃក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ ត្រូវបានតែងតាំង ដោយព្រះរាជក្រឹត្យ សម្រាប់រយៈពេល៥ ឆ្នាំ។ អាណត្តិនេះ អាចត្រូវបន្តជាថ្មី។ ការជ្រើសរើសតាំងប្រឆាន និងអនុប្រធាន នៃក្រុមប្រឹក្សានេះ ត្រូវជ្រើសរើសដោយ ការបោះឆ្នោតពី សមាជិករបស់ខ្លួន តាមសម្លេង ភាគច្រើនដាច់ខាត ដែលត្រូវធ្វើឡើង ក្នុងសម័យប្រជុំលើកទី១ តាមការកោះអញ្ជើញ របស់សមាជិក ដែលមានវ័យចាស់ជាងគេ។ សមាជិកនៃក្រុមប្រឹក្សានេះ រួមសរុបមានចំនួន ១១ រូប ក្នុងចំនួននេះ មន្ត្រីដែលអាចបន្តអាណត្តិជាថ្មី នៃក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយ មានចំនួន ៨ រូប ឯបីរូបបានត្រូវផ្លាស់ប្តូរ។ ដោយឡែក សមាជិកថ្មី ដែលចូលជំនួស សមាជិកចាស់នេះ គេឃើញមានលោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកអង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកយ៉េត ចរិយា ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ។ សម្រាប់សមាជិកចាស់ នៃក្រុមប្រឹក្សានេះ ដែលនៅដឹកនាំ ស្ថាប័ននេះបន្តទៀត រួមមាន លោកគុយ សុផល លោកលី ណារុន លោកតុប សំ លោកស្រី សោម គីមសួគ៌ លោកហេង វង្សប៊ុនឆាត លោកស៊ុយ ម៉ុងលាង លោកកែវ រ៉េមី និង លោកឱម យ៉ិនទៀង។
បន្ទាប់ពីជាប់ឆ្នោត ថ្នាក់ដឹកនាំកំពូលនៃស្ថាប័ននេះគឺ លោកតុប សំ និងលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន នឹងត្រូវរង់ចាំព្រះរាជក្រឹត្យពីព្រះមហាក្សត្រ ដើម្បីក្លាយជាថ្នាក់ដឹកនាំស្ថាប័នក្រុមប្រឹក្សាជាតិប្រឆាំង អំពើពុករលួយ សម្រាប់អាណត្តិទី២ ដែលជាអាណត្តិថ្មីបន្តទៀត។គួរបញ្ជាក់ដែរថាលទ្ធផលនៃការបោះឆ្នោត ដែលរៀបចំឡើង នៅក្នុងអង្គភាពប្រឆាំងអំពើពុករលួយ បានបង្ហាញថា ក្នុងចំណោមសមាជិកទាំង ១១ រូបនៃស្ថាប័នកំពូលមួយនេះ លោកតុប សំ ដែលជាបេក្ខជនឈរឈ្មោះ ប្រធានក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ ទទួលសម្លេងគាំទ្រ ១១ សម្លេង លើ ១១ សម្លេង។ ចំណែកលោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ដែលបានឈរឈ្មោះជាអនុប្រធាន ក្រុមជាតិប្រឆាំងអំពើពុករលួយ ក៏បានទទួលសម្លេងឆ្នោតគាំទ្រ ១១ សម្លេងលើ ១១ សម្លេងដូចគ្នា៕ វឌ្ឍនា