ខេត្តកំពង់ឆ្នាំង ៖ បុរស ជាឪពុកម្នាក់ត្រូវសមត្ថកិច្ចនគរបាលមូលដ្ឋាន ឃាត់ខ្លួន បន្ទាប់ពីប្រពន្ធជនសង្ស័យបានដាក់ពាក្យប្តឹងទៅសមត្ថកិច្ច ក្នុងករណីរំលោភសេពសន្ថវៈលើកូនស្រីបង្កើតរបស់ខ្លួនឯង ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០១៥។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះយ៉ន វឿន អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងភូមិពោធិម្រះ ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
ប៉ូលិសបានដឹងថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥ បុរសជាឪពុក បានយកកូនស្រីទៅនេសាទត្រីជាមួយ និង ប្អូនរបស់នាងម្នាក់ទៀត ដែលនៅឆ្ងាយពីភូមិ គឺនៅចំណុចត្រពាំងទ្រា ក្នុងភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូរណ៍ ។ នៅពេលមកដល់កន្លែងនេសាទ នាងនិងប្អូនរបស់នាងបានរកត្រីនៅក្នុងបឹងមួយ បន្ទាប់ពីរកបានត្រីប្អូនរបស់នាងបានឡើងទៅលើមុន នាងនៅជាមួយឪពុក ក្នុងពេលនោះដោយឃើញនាងនៅតែម្នាក់ឯងដូចនេះឪពុកក៏បានបង្ខំនាង រំលោភរហូតបានសម្រេច។
ក្រោយពីដឹងហេតុការណ៍នេះ ម្តាយក៏បានប្តឹងសមត្ថកិច្ច លុះព្រឹកឡើងថ្ងៃទី១៣ ខែកក្កដា សមត្ថកិច្ចបានឃាត់ខ្លួនតែម្តង និងបានកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា