ខេត្តសៀមរាប៖ មន្ត្រីយោធា២នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាបធ្វើការចាប់ខ្លួន ពីបទចូលច្រៀងខារ៉ាអូខេមួយកន្លែង ហើយបាញ់បោះសេរី បង្ករភ្ញាក់ផ្អើលប្រជាពលរដ្ឋនៅទីនោះ ក្រោយពីផ្ទុះអាវុធ ជាង៣ម៉ោង ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនបានភ្លាមៗ យកទៅឃុំខ្លួននៅទីបញ្ជាការអាវុធហត្ថខេត្តសៀមរាបរហូតមកដល់ព្រឹកទើបធ្វើការសាកសួរ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចខារ៉ាអូខេ យីហោ(មណ្ឌលកំសាន្ត ហ៊ីតឌិន ផាឡេស៍ )បន្ទប់លេខ៧៧៧៧ ស្ថិតក្នុងភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ខាងកើតចំណតឡានចុងកៅស៊ូ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា ក្រោយពីការបាញ់បោះសេរីខាងលើកម្លាំងកងអាវុធហត្តបានដឹកនាំកម្លាំងចុះ ប្រតិបត្តិការឈានដល់ការឃាត់ខ្លួនបានទាំង២នាក់ នៅចំណុចភូមិគោកចក សង្កាត់គោកចក ក្រុងសៀមរាប កាលពីម៉ោង៩យប់ដោយចាប់បានជនសង្ស័យ២នាក់ ទី១ឈ្មោះគី ហាក់ឡុង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរយោធារស់នៅ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប និងទី២ឈ្មោះតាន់ ហ៊ុយហួត ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរយោធារស់នៅភូមិជល្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចដកហូតបាន អាវុធខ្លីម៉ាកCF98 92-9លេខ០០០៨៥៧០៦៤៤៨ បង់ចំនួន០១ គ្រាប់ចំនួន១៣គ្រាប់ ទូរស័ព្ទចំនួន០៤គ្រឿង ប្រាក់ដុល្លារចំនួន១៥២ដុល្លារ ប្រាក់រៀល១.១០០រៀល សោររថយន្ត០១ កាបូបលុយចំនួន០១ អត្តសញ្ញាណប័ណ្ណយោធាចំនួន០១ ហើយជនសង្ស័យ ទាំង២នាក់ ក៏ជាមុខសញ្ញា ជាអ្នកប្រមូលលុយ ពីសកម្មភាពបទល្មើសដឹកជញ្ជូនឈើដោយខុសច្បាប់ឆ្លងកាត់ខេត្តសៀមរាដែរ ក្រោយមកជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕
ដោយ៖ ប៊ុនរិទ្ធី