រដ្ឋាភិបាល​ប៊ូ​តង់ បញ្ជា​ឲ្យ​បិទ​ប្រទេស​ទាំងមូលបន្ទាប់ពី​ស្ត្រី​ម្នាក់ ចាក​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក មាន​ផ្ទុក COVID-19

ចែករំលែក៖

អន្តរជាតិ៖ ស្ត្រីម្នាក់ ក្រោយយចាកចេញពីមណ្ឌលត្តាឡីស័ក ហើយរកឃើញមានផ្ទុក COVID-19 នោះ ស្រាប់តែនៅថ្ងៃទី១១ ខែសីហាម្សិលមិញនេះ រដ្ឋាភិបាលប៊ូតង់ បានបញ្ជាឲ្យបិទប្រទេសទាំងមូល ហើយនេះករណីលើកដំបូង ដែលប៊ូតង់បិទប្រទេសទាំងមូលក្រោយផ្ទុះករណីឆ្លងមក

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters និយាយថា រដ្ឋាភិបាលប៊ូតង់ បានបញ្ជាឲ្យបិទប្រទេសទាំងមូល បន្ទាប់ពីស្ត្រីវ័យ ២៧ឆ្នាំម្នាក់ ដែលបានចាកចេញពីមណ្ឌលត្តាឡីស័ក ត្រូវបានគេរកឃើញថា មានផ្ទុក COVID-19 មុននឹងចាកចេញពីមណ្ឌលត្តាឡីស័ក ស្ត្រីរូបនេះ ត្រូវបានតេស្តម្តងរួចហើយ និងមានលទ្ធផលអវិជ្ជមាន បន្ទាប់ពីចាកចេញពីត្តាឡីស័ក ស្ត្រីម្នាក់នេះ មានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សមួយចំនួន នៅក្នុងទីក្រុងធីភូ

រដ្ឋាភិបាលប៊ូតង់ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងថា «​ការបិទប្រទេសមិនធ្លាប់មានពីមុនមកនេះ គឺជាការចាប់បង្ខំដើម្បីកំណត់ និងដាក់ដាច់ដោយឡែកករណីដែលមានផ្ទុកវិជ្ជមានទាំងអស់ និងបំបែកខ្សែចង្វាក់នៃការឆ្លង​»​

ក្នុងសេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថា សាលារៀន​, វិទ្យាស្ថាន​, ការិយាល័យជាដើម នឹងនៅតែបន្តបិទ ចំណែកការប្រលងមួយចំនួននឹងត្រូវលើកពេល បន្ថែមពីលើនេះ ប្រជាជនប៊ូតង់ ត្រូវស្នាក់នៅផ្ទះបណ្តោះអាសន្នសិនពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋាភិបាល បានរឹតត្បិតការធ្វើដំណើររបស់ប្រជាជនទាំងអស់នៅទូទាំងប្រទេស

គួររំលឹកថា នាខែមីនាកន្លងទៅ ប៊ូតង់ បានរាយការណ៍ថា មានករណី COVID-19 លើកដំបូងមកពីបរទេស ហើយរដ្ឋាភិបាលប៊ូតង់ បានផ្អាកវិស័យទេសចរណ៍ នៅក្នុងខែមីនា និងបញ្ជាឲ្យប្រជាជនខ្លួន ដែលចូលមកក្នុងប្រទេសវិញ ត្រូវតែដាក់ត្តាឡីស័ករយៈពេល សប្តាហ៍

សូមជម្រាបថា កន្លងមកប៊ូតង់ ក៏បានដាក់កាមេរ៉ាវាស់កម្តៅ ការធ្វើតេស្ត និងបិទព្រំដែនជាដើម ដើម្បីទប់ស្កាត់ការរាតត្បាតនៃ​COVID-19​ការឃាឃាត់ភ្ញៀវទេសចរ ចូលមកស្រុក បានបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង លើវិស័យទេសចរណ៍ ដែលមានចំណូលជាង ៨០លានដុល្លារ ជារៀងរាល់ឆ្នាំ ក្នុងរយៈឆ្នាំចុងក្រោយនេះ

បើគិតមកត្រឹមថ្ងៃទី១១ ខែសីហាម្សិលមិញនេះ ប៊ូតង់ មានករណីឆ្លងសរុបចំនួន ១១៣ករណី និងមិនមានករណីស្លាប់ ចំណែកអ្នកជាសះស្បើយមានចំនួន ៩៧នាក់៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print