ខេត្ដសៀមរាបៈ រថយន្តស្ទួចម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង បានបើកជ្រុលទៅបុកខឿនចិញ្ចើមផ្លូវជាតិលេខ៦ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ដោយសារបើកបរមានល្បឿនលឿន និងធ្វេសប្រហែស ស្រមពេលមានភ្លៀង និងផ្លូវរអិលផង ប៉ុន្ដែ សំណាងល្អមិនមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងនៅវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅចំណុចរង្វង់មូលមុខគ្រុឌ ផ្លូវជាតិលេខ៦ ក្នុងភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប។
តាមប្រភពសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុឃើញរថយន្តស្ទួចពណ៌សម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងនោះបានបើកមកពីលិចមកកើតក្នុងល្បឿនលឿន ហើយកំពុងភ្លៀង ស្រាប់តែឃើញរថយន្តវិញមួយជុំ រួចឡើងទៅបុកឃឿនចិញ្ចើមផ្លូវបាក់ដើមត្របែកអស់មួយដើម បណ្ដាលឲ្យក្រឡាប់ផ្ងារពោះឡើងលើ និងបែកកញ្ចក់ខាងមុខខ្ទេចទាំងស្រុង។ចំណេកតៃកុងឡាននោះវាចេញតាមកញ្ចក់មុខទាំង២នាក់។សាក្សីបានបន្តថា ក្រោយពេលកើតហេតុបានមួយសន្ទុះក៏ឃើញសមត្ថកិច្ចមកដល់រួចធ្វើការវាស់វែងនិងហៅឡានស្ទួចមួយគ្រឿងផ្សេងទៀតមកជួយស្ទួចដើម្បីកុំឱ្យស្ទះចរាចរ។
តាមប្រភពពីមន្ត្រីនគរបាលចរាចរនៃស្នងការខេត្តបានប្រាប់ថា អ្នកបើកបររថយន្តស្ទួចនោះមានគ្នា២នាក់បានបើកមកពីលិចមកកើតស្រាប់តែមកដល់រង្វង់មូលមុខគ្រុឌ អ្នកបើកបរជាន់ហ្វាំងមិនស៊ី ដោយសារ មេឃភ្លៀង ហើយផ្លូវរអិល ទើបបណ្ដាលឲ្យបុកខឿនផ្លូវ និងបុយកដើមឈើ អស់មួយដើម រួចក្រឡាប់ផ្ងារជើងខ្លួនេងតែម្តងទៅ ។
ក្រោយពីធ្វើការវាស់វែងរួចសមត្ថកិច្ចជំនាញបានយក រថយន្តស្ទួចនោះបញ្ជូនមកកាន់ការិយាល័យចរាចរផ្លូវគោកនៃស្នងការនគរបាលខេត្តដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕ ជានិរន្ដរ៍